(ភ្នំពេញ)៖ វិទ្យាស្ថានជាតិអប់រំ បានដាក់ឲ្យដំណើរការសាកល្បង ប្រព័ន្ធចុះឈ្មោះតាម Online សម្រាប់សិក្ខាកាមវគ្គពន្លឿន ដែលមានចំនួនប្រមាណ១,៧០០នាក់ ចូលរួមប្រើប្រាស់ នាចុងសប្ដាហ៍មុននេះ។
លោកស្រី ប៊ុន សុផានី នាយិការងនៃវិទ្យាស្ថានជាតិអប់រំ បានឲ្យដឹងថា ដោយមានកំណើន នៃការបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតមូលដ្ឋាន គ្រូបង្រៀនកម្រិតឧត្តម អធិការអប់រំ ការបណ្ដុះបណ្ដាលតាមប្រព័ន្ធពន្លឿន និងការបណ្ដុះបណ្ដាលផ្សេងៗទៀត ថ្នាក់ដឹកនាំវិទ្យាស្ថានជាតិអប់រំ បានសម្រេច ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (ICT) សម្រាប់គ្រប់គ្រងការបណ្តុះបណ្តាលឲ្យមានប្រសិទ្ធភាព និងឆាប់រហ័ស។
ជំហានដំបូងនេះ នឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ ចុះឈ្មោះតាមអនឡាញ ដោយប្រើប្រព័ន្ធស្មាតកាត សម្រាប់យកវត្តមាននិស្សិត គរុនិស្សិត គរុសិស្ស សិក្ខាកាម និងមន្រ្តីអប់រំ របស់វិទ្យាស្ថានជាតិអប់រំ។
លោក ងន់ ម័រ អ្នកដឹកនាំក្រុមបច្ចេកទេសបង្កើតប្រព័ន្ធ គ្រប់គ្រងសាលារៀន បញ្ជាក់ថា ប្រព័ន្ធនេះមានសារប្រយោជន៍ ដល់គណៈគ្រប់គ្រងសាលា គ្រូឧទ្ទេស និស្សិត គរុនិស្សិត គរុសិស្ស ដូចជាគណៈគ្រប់គ្រងសាលាអាចកាត់បន្ថយដល់ ការទិញក្រដាស ទឹកថ្នាំបោះពុម្ព ការប្រើប្រាស់ បុគ្គលិក និងអាចប្រើប្រាស់ប្រព័ន្ធទិន្នន័យបានឆាប់រហ័ស, គ្រូឧទ្ទេសងាយស្រួលផ្តល់ពិន្ទុដល់សាលាទាន់ពេល និងគ្រប់គ្រងនិស្សិត គរុនិស្សិត គរុសិស្ស បានងាយស្រួល និងនិស្សិត គរុនិស្សិត គរុសិស្ស អាចទទួលបានព័ត៌មាន ពីសាលាទាន់ពេលដោយប្រើប្រាស់សេវាផ្សេងៗដូចជា បញ្ជីវត្តមាន ពិន្ទុ និងកាលវិភាគនៅក្នុងប្រព័ន្ធនេះតែម្តង៕