(ភ្នំពេញ)៖ ដោយទទួលបានព្រះរាជានុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីសម្តេច​ព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេស​បណ្ឌិត នន្ទ ង៉ែត សម្តេច​ព្រះ​សង្ឃនាយក ​និង​ជា​ព្រះ​ចៅ​អធិការ​វត្ត​បទុមវតី ឆ្នាំនេះ ក៏ដូចឆ្នាំមុនៗដែរ កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ប្រធានកិត្តិយស​ឧត្តមក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ បានអញ្ជើញ​​កាន់​បិណ្ឌ​វេនទី១២ នៅវត្តបុទមវតី កាលពីថ្ងៃអាទិត្យទី១៧កញ្ញា ដើម្បី​ចាត់​ចែង​ចង្ហាន់​ ប្រគេន​ព្រះសង្ឃ​ចំនួន ៤៧៩អង្គ នៅ​វត្ត​បទុមវតី​ ដែលសម្តេច​ព្រះមហាសុមេធាធិបតី ទ្រង់បានរៀបចំពិធីកាន់បិណ្ឌ តាមទំនៀមទម្លាប់ប្រពៃណីនៃព្រះពុទ្ធសាសនា។

កម្មវិធីនេះ មានការ​អញ្ជើញចូលរួម ពី​រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា, រដ្ឋលេខាធិការ លោក ឆាន់ សាផាន, រដ្ឋលេខាធិការ ងី តាយី, អនុរដ្ឋលេខាធិការ ឆាន់ វឌ្ឍនៈ, លោកកែន សម្បត្តិ សមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, លោកអគ្គនាយក ជា វុធណា, លោកអគ្គនាយក ម៉ី វ៉ាន់ ព្រមទាំងលោក លោក​ស្រី អ្នក​នាង​កញ្ញា ព្រមទាំង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ទាំង​អស់​ យ៉ាងអធិកអធម ប្រកបដោយសទ្ធាជ្រះថ្លា។

កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ បានក្រាបបង្គំទូលថ្វាយនូវពរសព្ទសាធុកាបវរប្រសើរថ្លៃថ្លា ថ្វាយសម្តេច​ព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេស​បណ្ឌិត នន្ទ ង៉ែត សម្តេច​ព្រះ​សង្ឃនាយក​និង​ជា​ព្រះ​ចៅ​អធិការ​វត្ត​បទុមវតី សូមសម្តេចប្រកបដោយព្រះសុខភាពល្អបរិបូរ, ព្រះកាយពលមាំមួន, ព្រះជន្មាយុយឺនយូរ, និងព្រះពុទ្ធពរទាំងប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ ដើម្បីបន្តគ្រងជាម្លប់ដ៏ត្រជាក់ត្រជុំ និងការបន្តរីកចម្រើន នៃពុទ្ធចក្រនៅព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងបន្តក្រេបជញ្ជក់នូវសុខសន្តិភាពពេញលេញបរិបូរ ស្ថិរភាពនយោបាយ ឯកភាពជាតិ ឯកភាពនិងបូរណភាពទឹកដី ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងសមធម៌ ព្រមទាំងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏វៃឈ្លាសប្រកបដោយភាពប្រាកដនិយម ពោរពេញដោយគតិបណ្ឌិត និងបញ្ញាញាណ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការរីកចម្រើនផ្នែកពុទ្ធចក្រ និងអាណាចក្រនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេស សុខសន្តិភាព និងការផ្លាស់ប្តូរជាគុណភាពសម្រាប់កម្ពុជានេះ គឺដោយសារភ័ព្វសំណាងដ៏ធំធេងរបស់កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គទេសក៍ ដែលបានដាក់ចេញ និងដឹកនាំអនុវត្តដោយផ្ទាល់ ប្រកបដោយជោគជ័យ ដ៏ត្រចេះត្រចង់ នូវនយោបាយ ឈ្នះ ឈ្នះ នាចុងឆ្នាំ១៩៩៨ ដោយបានកម្ទេចចោល នូវអង្គការចាត់តាំងនយោបាយ និងយោធារបស់កម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍។ មិនតែប៉ុណ្តោះ សម្តេចបានសម្រេចនូវមហាជោគជ័យ ដោយធ្វើឲ្យប្រទេសកម្ពុជា ដែលធ្លាប់ជាសមរភូមិប្រយុទ្ធ ហើយបានខ្ទេចខ្ទាំដោយសារសង្រ្គាម មកជាប្រទេសមានសន្តិភាពពេញលេញ ឯកភាពទឹកដី ឯកភាពជាតិ ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងបន្តរក្សាបានទាំងស្រុងនូវអធិបតេយ្យ និងបូរណភាពទឹកដី នៃកម្ពុជា។

កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ រួមនិងពុទ្ធបរិស័ទជាច្រើនទៀត អញ្ជើញថ្វាយបង្គំព្រះពុទ្ធរូប និងថ្វាយបង្គំព្រះសង្ឃ ព្រមទាំងសមាទានសីលជាកិច្ចរំលឹកនឹកគុណបុណ្យព្រះរតនត្រ័យ ដ៏ខ្ពង់ខ្ពស់តាមប្រពៃណីព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើង ។យ៉ាងណាមិញបុណ្យកាន់បិណ្ឌ ឫភ្ជុំបិណ្ឌ រយៈពេល១៥ថ្ងៃនេះ ជាសក្ខីភាពបង្ហាញ អំពីសទ្ធាជ្រះថ្លា របស់ពុទ្ធបរិស័ទគ្រប់រូប ចំពោះឧបការ គុណ របស់បុព្វការីជន ដោយបានធ្វើបុណ្យធ្វើទាន ឧទ្ទិសកុសល ជូនតាមរយៈព្រះសង្ឃជាស្រែបុណ្យ ដើម្បីឲ្យវិញ្ញាណក្ខ័ន អ្នកមានគុណគ្រប់រូប បានទៅកាន់ឋានបរមសុខ កុំបីអាក់ខានឡើយ។

ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី១២នេះ កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅៗ មានសទ្ធាជ្រះថ្លា បរិច្ចាក បច្ច័យ សម្ភារៈ និងគ្រឿងឧបភោគបរិភោគសម្រាប់ឧបត្ថម្ភព្រះសង្ឃ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌភ្ជំបិណ្ឌទាំង១៥ថ្ងៃនេះ ដោយក្នុងនោះ បានថ្វាយបច្ច័យ ដល់សម្តេចព្រះមហាសុមេ ធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ចំនួន២លានរៀល ប្រគេនបច្ច័យគ្រូសូត្រឆ្វេង ចំនួន២០០ដុល្លារ ប្រគេនបច្ច័យគ្រូសូត្រស្តាំចំនួន២០០ដុល្លារ ប្រគេនបច្ច័យព្រះសង្ឃ ៤៧២អង្គ ក្នុង១អង្គៗ២ម៉ឺនរៀល ឧបត្ថម្ភនិស្សិត៥៥០នាក់ ក្នុងម្នាក់ៗថវិកា១ម៉ឺនរៀល ឧបត្ថម្ភបម្រើការងារ ក្នុងពិធីបុណ្យចំនួន៣០នាក់ ក្នុងម្នាក់ៗថវិកា២ម៉ឺនរៀល លោកអាចារ្យចំនួន១១នាក់ ក្នុងនោះលោកអាចារ្យធំចំនួន៨ម៉ឺនរៀល លោកអាចារ្យចំនួន១០នាក់ផ្សេងៗទៀត ក្នុងម្នាក់ៗថវិកា៤ម៉ឺនរៀល ឧបត្ថម្ភថវិកាដល់លោកយាយបម្រើការនៅក្នុងវត្ត ចំនួន២០នាក់ ក្នុងម្នាក់ៗថវិកា១ម៉ឺនរៀល ឧបត្ថម្ភថវិកាសម្រាប់ការចំណាយផ្សេងៗ ចំនួនជាង១៤លានរៀល សរុបថវិកា ក្នុងការចំណាយ មានចំនួន ៣៣លាន៧សែន៣ម៉ឺន២ពាន់រៀល។ បន្ថែមលើនេះ កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ បានអញ្ជើញប្រគេនបច្ច័យ សម្រាប់កសាងវត្តចំនួន៨២លាន៩សែន៧ម៉ឺនរៀល៕