(កំពង់ចាម)៖ ក្រុមជនសង្ស័យ៣នាក់ ដែលជាមុខសញ្ញាលួចគោរបស់ប្រជាពលរដ្ឋ ត្រូវកម្លាំងនគរបាលខេត្តកំពង់ចាមឃាត់ខ្លួនជាបន្ដបន្ទាប់ រហូតដល់ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោយទទួលបញ្ជាពីស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល និងមានការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម។
លោកឧត្តមសេនីយ៍ត្រីស្នងការ បានរៀបរាប់ពីដំណើររឿងថា នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ២០១៧ សមត្ថកិច្ចរបស់លោក បានទទួលបណ្តឹងពីប្រជាពលរដ្ឋថា ពេលកុមារាឈ្មោះ ទូច អ៊ូច អាយុ១៤ឆ្នាំ មានទីលំនៅភូមិសំណាក់ជើង ឃុំបារាយណ៍ ស្រុកព្រៃឈរ បានយកសត្វគោចំនួន០៦ក្បាល ទៅឃ្វាលនៅចំណុចចំការតាយិន ខាងកើតភូមិព្រៃខ្ចាយ ចម្ងាយប្រហែល២,០០០ម៉ែត្រ ពីភូមិព្រៃខ្ចាយ ឃុំបារាយណ៍ ស្រុកព្រៃឈរ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណចំនួន០៣នាក់ មានឃ្លុមមុខដោយអាវ បានមកលួចយកមេគោផើមចំនួន០១ក្បាលទៅបាត់។
ភា្លមនោះលោកបានបញ្ជាកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវតាមរុករកសត្វគោ និងមុខសញ្ញាជនសង្ស័យ រហូតដល់វេលាម៉ោងជិត៦ល្ងាច ថ្ងៃទី១៧ ខែកញ្ញា កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ទី១៖ឈោ្មះ ជុំ សារីន (ហៅគ្រីន) អាយុ៣៨ឆ្នាំ និងទី២៖ឈ្មោះ ស្រ៊ុន សុខជា អាយុ៤៥ឆ្នាំ ក្នុងនោះដកហូតបាន សត្វគោញីដែលចោរលួចយកទៅ១ក្បាល។ តាមចម្លើយសារភាព នៅព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ កម្លាំងបានបន្តឃាត់ជនសង្ស័យម្នាក់ទៀត ឈ្មោះ ឆុន ធី អាយុ៣៨ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕