(ស្ទឹងត្រែង)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំមន្ដ្រីរាជការក្រសួង ចុះជួបសំណេះសំណាលជាមួយបងប្អូន នាយទាហាន ពលទាហាន យោធភូមិភាគទី១ និងផ្តាំផ្ញើសួរសុខទុក្ខ ដល់កងទ័ពឈរជើងប្រចាំ នៅតំបន់ព្រំដែនកម្ពុជា-ឡាវ ខេត្តស្ទឹងត្រែង ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។
រដ្ឋមន្ដ្រី វង សូត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពីចម្ងាយជូនចំពោះបងប្អូនកងទ័ព ដែលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរ ដល់បងប្អូនជានិច្ច មិនតែប៉ុណ្ណោះសម្តេច តែងតែដាស់តឿនដល់មន្ត្រីនៅសមរភូមិក្រោយ ត្រូវខិតខំកៀរគររកជំនួយគ្រប់បែបយ៉ាងទាំងសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីឧបត្ថម្ភជូនដល់កងទ័ព និងគ្រួសារទ័ព។
លោករដ្ឋមន្ដ្រីបញ្ជាក់ថា ទាំងអស់នេះធ្វើឡើងដើម្បីរួមចំណែក ក្នុងស្មារតីស្នេហាជាតិ តាមពាក្យស្លោក «ការពារជាតិ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ដើម្បីការពារជាតិ»។
ជាមួយគ្នានោះ លោកសូមកោតសរសើរយ៉ាងខ្លាំង ដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ព ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ មិនគិតពីអាយុជីវិត ដើម្បីបុព្វហេតុការពារប្រជាជន ការពារប្រទេសជាតិ ការពារអធិបតេយ្យភាព ការពារបូរណភាពទឹកដី មិនឲ្យសត្រូវណាមករំលោភបំពានទឹកដី ដ៏បវរនៃយើងសូម្បីតែមួយមីលីម៉ែត្រឡើយ។
សូមជម្រាបថា អំណោយរួមមាន ទឹកក្រូច១០០កេស, មី១០០កេស, ស្រាបៀរ១០០កេស, ត្រីខ១០កេស, ថវិកាចំនួន១០លានរៀល ឧបត្ថម្ភសម្រាប់ទីបញ្ជាការ, ថវិកាចំនួន១០លានរៀល សាងសង់ឃ្លាំង, ឧបត្ថម្ភដល់នាយទាហាន ពលទាហានចំនួន៨៧៥នាក់ ក្នុងម្នាក់ទទួលលុយ៣០,០០០រៀល សរុបថវិកា ៤៦,២៥០,០០០រៀល៕