(កំពង់ស្ពឺ)៖ សាលាដំបូងខេត្តកំពង់ស្ពឺ កាលពីពេលកន្លងទៅបានចេញដីការក្សាការពារមួយ ទៅក្រុមហ៊ុនបូមខ្សាច់ឈ្មោះ «សុខ វាសនា អ៊ីមផត អិចផត» តែមិនបានចុះអនុវត្តនោះទេ រហូតដល់ដីកានោះអសុពលភាព ស្រាប់តែមន្ដ្រីយោធាម្នាក់ដែលជាគូរជម្លោះ បានយកដីកាដែលអស់សុពលភាពនោះទៅប្ដឹងក្រសួងរ៉ែ និងថាមពល រហូតធ្វើឲ្យក្រសួងរ៉ែ និងថាមពល ចេញសេចក្ដីសម្រេចព្យួរអាជ្ញាប័ណ្ណក្រុមហ៊ុន ឲ្យផ្អាកសកម្មភាពរយៈពេល៦ខែទៅវិញ។
ជុំវិញករណីក្រសួងរ៉ែ និងថាមពល សេចក្ដីសម្រេចឲ្យព្យួរអាជ្ញាប័ណ្ណនេះ តំណាងក្រុមហ៊ុន «សុខ វាសនា អ៊ីមផត អិចផត» បានអំពាវនាវឲ្យថ្នាក់ដឹកនាំ ពិសេសក្រសួងរ៉ែ និងថាមពល ឲ្យបន្ដអាជ្ញាប័ណ្ណរបស់ខ្លួនឡើងវិញ និងពិនិត្យទិដ្ឋភាពផ្លូវច្បាប់ផងដែរ មុននឹងអនុវត្តវិធានការនេះ ព្រោះថាដីកានោះបានអស់សុពលភាពទៅហើយ។
យោងតាមសេចក្តីប្រកាសស្តីពីការព្យួទុកអាជ្ញាប័ណ្ណ អណ្តូង រ៉ែបើក និងការដ្ឋានវាយថ្ម (សម្រាប់អាជីវកម្មខ្សាច់សំណង់) លេខ៣២៦ រថ.ទស.ប្រក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ របស់ក្រសួងរ៉ែ និងថាមពល ដោយបានសម្រេចព្យួទុកអាជ្ញាបណ្ណក្រុមហ៊ុន សុខ វាសនា អ៊ីមផត អិចផត រយៈពេល០៦ខែ ដោយយោងតាមដីការក្សាពារ លេខ៤៧២ (ក) ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ដែលម្ចាស់ក្រុមហ៊ុនទទួលសេចក្តី ជូនដំណឹងរបស់មន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧។
តាមសម្តីម្ចាស់ក្រុមហ៊ុន បានឲ្យដឹងថា ដីកាដែលសម្រេចរក្សាការពារខាងលើបានអស់សុពលភាពទៅហើយ ដោយសារតែដីការមិនបានចុះអនុវត្ត ឲ្យស្រមតាមនិតិវិធីច្បាប់នោះទេ ហេតុនេះហើយទើប ក្រុមហ៊ុនពុំបានប្តឹងទំទាស់ និងដីកានេះឡើយ ហើយក្រុមហ៊ុនក៏បានចូលខ្លួន ដោះស្រាយជាមួយលោក រស់ ចិន្តា ស្របតាមដីការរបស់តុលាការនោះតាមផ្លូវច្បាប់អស់ដែរ។
បច្ចុប្បន្ននេះ លោក រស់ ចិន្តា កំពុងបន្តប្តឹង ជាមួយប្រធានក្រុមហ៊ុន សុខ វាសនា អ៊ីមផត អិចផត ជាលក្ខណៈបុគ្គល និងបុគ្គលទៅតាមផ្លូវតុលាការ និងទៅតាមស្ថាប័នជាច្រើនទៀត ពីព្រោះក្រុមហ៊ុននេះ មានភាគហ៊ុនជាច្រើន បានបណ្តាក់ទុនរកស៊ីលើអាជីវកម្មខ្សាច់នេះ។
តាមការរៀបរាប់របស់ក្រុមហ៊ុនបានបញ្ជាក់ថា ដើមហេតុដែលនាំឲ្យមាន ជម្លោះនោះគឺផ្តើមចេញពីដើមដំបូងលោក ម៉ែន សុផុន មានទំនាក់ទំនងជាមួយលោក សុខ វាសនា ជាប្រធានក្រុមហ៊ុន ក្នុងកិច្ចការធ្វើអាជីវកម្មខ្សាច់ ដោយលោក ម៉ែន ស៊ីផុន បានអះអាងថារូបគាត់ មានអាជ្ញាបណ្ណ័ស្រាប់ដែលបានរត់ការ ពីក្រោមដល់ខេត្តកំពង់ស្ពឺ និងបន្តដល់ក្រសួងរ៉ែ និងថាមពលទៀត តែលោក ម៉ែន សុផុន ប្រាប់ថាគាត់គ្មានលុយរត់ការបន្តទៀតទេ ទើបឲ្យលោក សុខ វាសនា ព្រមចេញថ្លៃរត់ការបន្តទៀត។
លោក ម៉ែន សុផុន ក៏សន្យាថាធ្វើការរួចរាល់ សុំប្រាក់ឧបត្ថម្ភពីក្រុមហ៊ុនក្នុងមួយខែ៥,០០០ដុល្លារប៉ុណ្ណោះ មកក្រោយពីលោក ម៉ែន សុផុន បានប្រើឲ្យកូនចៅរបស់គាត់ មកយកលុយពីប្រធានក្រុមហ៊ុនចំនួនពីរលើក លើកទី១ចំនួន១,២០០ដុល្លា និងលើកទី២ចំនួន ៤,០០០ដុល្លា ដោយឡែកលើកទី៣ លោក ម៉ែន សុផុន ផ្ទាល់បានយកលុយចំនួន៧,០០០ដុល្លារបន្ថែមទៀត ដោយផ្ញើតាមគណនេយ្យវីង (ក្រដាសវីញភស្តុតាងនៅមាន)។
បន្ទាប់ពីទទួលបានលុយដូចរៀបរាប់ខាងលើ លោក ម៉ែន សុផុន មិនបានអនុវត្តកិច្ចការនោះទេ រហូតក្រុមហ៊ុនទុករយៈជាងមួយឆ្នាំ តែលោក ម៉ែន សុផុន មិនអាចធ្វើបានដដែល ថែមទាំងមិនសងលុយទាំងអស់ខាងលើមកឲ្យក្រុមហ៊ុនដែរ។ ដោយឡែករឿងទាក់ទងរវាងលោក សុខ វាសនា និងលោក រស់ ចិន្តា ពីដើមមកទល់និងបច្ចុប្បន្ន មិនដែលស្គាល់គ្នាទេ តែដោយសារតែលោក ម៉ែន សុផុន មានបំណងគេចវេស មិនទទួលខុសក៏បានណាត់ខាងក្រុមហ៊ុន ឲ្យជួបជាមួយលោក រស់ ចិន្តា ហើយលោក ម៉ែន សុផុន សុំឲ្យជួយចេញលុយឧបត្ថម្ភរបស់គាត់មួយខែ៥,០០០ដុល្លារ ថ្លៃរត់ការយកអាជ្ញាប័ណ្ណខ្សាច់ មកឲ្យលោក រស់ ចិន្តា វិញដោយលោក ម៉ែន សុផុន សន្យាថាធ្វើឲ្យហើយឲ្យក្រុមហ៊ុន តែតាមពិតមកដល់ពេលនេះ លោក ម៉ែន សុផុន រត់ការធ្វើអាជ្ញាប័ណ្ណអាជីកម្មខ្សាច់ បានបរាជ័យទាំងស្រុង មិនទទួលបានលទ្ធផលបន្តិចឡើយ និងថែមទាំងក្រឡៃរឿងជាមួយក្រុមហ៊ុន ឲ្យសងលុយទៅ រស់ ចិន្តា ដែលខ្លួនមិនមានភាគហ៊ុនសូម្បីតែមួយសេនផង។
ក្រោយពីបរាជ័យមក ក្រុមហ៊ុនបានប្រឹងប្រែងរត់ធ្វើអាជ្ញាប័ណ្ណរហូតរួចរាល់ និងធ្វើអាជីកម្មបង់ពន្ធជូនរដ្ឋស្របតាមច្បាប់ដូចសព្វថ្ងៃ បែរជាមានលោក រស់ ចិន្តា ចេញមុខប្តឹងរូបខាងក្រុមហ៊ុនទៅតុលាការខេត្តកំពង់ស្ពឺ រហូតសព្វថ្ងៃដោយសំអាងលើកិច្ចសន្យាដែលបរាជ័យនោះ៕