(ភ្នំពេញ)៖ បទចម្រៀង Original «ពេលបាយនឹកម៉ែ» របស់កំពូលតារាចម្រៀងលំដាប់ជួរមុខ លោក ឆាយ វីរៈយុទ្ធ បាននិងកំពុងចាក់ដោតអារម្មណ៍ទស្សនិកជនយ៉ាងខ្លាំងនារដូវបុណ្យភ្ជុំបិណ្ឌនេះ មិនថាអ្នករស់នៅអាស្រ័យការងារក្រៅប្រទេសនោះទេ សូម្បីតែអ្នកចំណាកស្រុកមកធ្វើការត្រឹមភ្នំពេញនេះ ក៏ស្តាប់ហើយកើតកំសួលអួលដើមកចង់ហូរទឹកភ្នែកផងដែរ។

តាមរយៈបទ «ពេលបាយនឹកម៉ែ» នេះបានរៀបរាប់ពីស្ថានភាពកូនៗពេលរស់នៅចាយលុយឪពុកម្តាយ គ្មានចេះគិតគូរអ្វីនោះទេ ដឹងតែល្អ ឡូយឆាយ សប្បាយហ៊ឺហារ តែពេលកាលណាចេញរកប្រាក់ខ្លួនឯងឃ្លាតឆ្ងាយពីគ្រួសារ ទើបដឹងថា ការលំបាកមានទំហំធំធេងបុណ្ណា ហើយឃ្លាមួយបានបញ្ជាក់ថា «ពេលលំបាកទើបដឹងថា ដុំបាយមានតម្លៃយ៉ាងណា» ដែលនេះរឹងរឹតតែធ្វើឲ្យអ្នកស្តាប់ឮហើយសឹងតែទប់ទឹកភ្នែកពុំបាននោះ។

កំពូលតារាចម្រៀងដែលមានកំណើតនៅស្រុកស្រែក្នុងខេត្តកំពង់ចាម លោក ឆាយ វីរៈយុទ្ធ បានផ្តល់បទសម្ភាសខ្លីថា បទចម្រៀង Original មួយបទនេះជាកាដូសម្រាប់បងប្អូននៅរដូវបុណ្យភ្ជុំបិណ្ឌនេះ ហើយជាការពិតបទនេះក៏ចង់រំលឹកកូនៗឲ្យស្វែងយល់បន្ថែមពីការលំបាក និងការខិតខំរបស់ឪពុកម្តាយ ជាពិសេសគឺការផ្តល់ការស្រឡាញ់គោរពនៅក្នុងគ្រួសារ។

ក្នុងឱកាសភ្ជុំបិណ្ឌនេះលោក ឆាយ ឆាយវីរៈយុទ្ធ ក៏បានគោរពជូនពរទស្សនិកជនទាំងអស់ជួបប្រទះតែសេចក្តីសុខសប្បាយ ចេញដំណើរទៅទីណាក៏ភាពសុវត្ថិភាពទាំងអស់គ្នា៕