(សៀមរាប)៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោកស្រី ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ថ្នាក់ដឹកនាំមន្ត្រីរាជការក្រោមឱវាទ និងពុទ្ធបរិស័ទ ចំណុះជើងវត្ត នារសៀលថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០១៧ ត្រូវនិងថ្ងៃទី១១រោជ ខែ ភទ្របទ នព្វស័ក ពុទ្ធសករាជ ២៥៦១បានអញ្ជើញប្រារព្ធពិធីវេនកាន់បិណ្ឌទី១១ ដោយនាំមកនូវទ័យវត្ថុ និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃដែលគង់ចាំនៅវត្ត ស្វាយ ទីរួមខេត្តសៀមរាប ក្នុងសទ្ធាជ្រះថ្លាដ៏មោះមុត ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ។
តាមកម្មវិធីបុណ្យ មាននិមន្តព្រះចៅអធិការវត្ត និងព្រះសង្ឃចំនួន១៦អង្គទៀត ដើម្បីធ្វើបទនមសិកា សមាទានសីល និងសម្តែងធម៌ទេសនា ព្រមទាំងសូត្រមន្តបង្សកូល នៅមហាចេតីយ៍តម្កល់អដ្ឋិធាតុមាតា បិតា របស់លោកទេសរដ្ឋមន្ត្រី នៅបរិវេណវត្តស្វាយ ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់បុព្វការីជន រួមមាន ជីដូន ជីតា មាតា បិតា ញាតិការទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់ បរលោកខាងមុខ សូមបានទៅដល់ឋានបរម សុខកុំបីឃ្លាងឃ្លាតឡើយ ។
ជាមួយគ្នានេះ សូមបុណ្យកុសលទាំងឡាយទាំងពួងកើតមានដល់ លោកទេស រដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោកជំទាវ បុត្រា បុត្រី និងចៅ ប្រុស ចៅស្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងទាំងអស់ សូមទទួលនូវពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។ លុះព្រឹកឡើង ថ្ងៃទី ១៧ ខែ ឆ្នាំដដែល មានរៀបចំពិធីបោះបាយបិណ្ឌ រាប់បាត និងប្រគេនចង្ហាន់ព្រះសង្ឃជាកិច្ច បង្ហើយបុណ្យ។
សូមបញ្ជាក់ថា ស្ថិតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោកស្រី បានឧបត្ថម្ភ កំព្យូទ័រចំនួន ០២ គ្រឿង ,Printer ០១ គ្រឿង ព្រមទាំងតុ កៅអី ដើម្បីតម្កល់ក្នុងសាលាធម្មសភា ទុកសម្រាប់ការសិក្សារៀនសូត្រ និងស្រាវជ្រាវ ចំណេះដឹងផ្នែកព្រះពុទ្ធ សម្រាប់ព្រះសង្ឃគង់ក្នុងវត្តស្វាយ ក៏ដូចជាព្រះសង្ឃទូទៅ និងជនបរទេស ផងដែរ ពីព្រោះម៉ាស៊ីនកំព្យូទ័រនេះ បានបញ្ចូលឯកសារចំណេះដឹង ផ្នែកព្រះពុទ្ធសាសនាជាច្រើន រួមទាំងគម្ពីរព្រះត្រៃយ៍បិតក ផងដែរ៕