(សៀមរាប)៖ កម្លាំងនគរបាលក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ ក្រោមធ្វើសកម្មភាពឆក់កាបូបពីស្ដ្រីម្នាក់ មិនបានសម្រេច នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ​នៅ​ក្រុមទី០១ ភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង​​សៀមរាប។

លោកវរសេនីយ៍ត្រី នួន ស័ក្ដិចំរើនរិទ្ធ អធិការរង​ទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡាំង ឆេងលាង អាយុ៥២ឆ្នាំ ដោយនៅមុនពេលកើតហេតុ កំពុងឈរកាន់កាបូបយួរដៃមួយនៅលើចិញ្ចើមផ្លូវ ពេលនោះជនសង្ស័យម្នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាក Honda Dream C125 ឆ្នាំ២០១៦ ពណ៌ខ្មៅ ដោយជិះតែម្នាក់ឯង មកពីទិសខាងជើង ពេលជិះមកដល់ក្បែរជនរងគ្រោះ ក៏បានយកដៃស្តាំរបស់គេឆក់ទាញយកកាបូបពីជនរងគ្រោះ ប៉ុន្តែមិនបានសម្រេចបណ្តាលឲ្យម៉ូតូរបស់គេដួល ពេលនោះជនរងគ្រោះបានស្រែកផ្អើលឆោឡោរដល់អ្នកជិតខាង ហើយជនសង្ស័យរូបនេះបានទុកម៉ូតូចោល ហើយរត់គេចខ្លួន ប៉ុន្តែត្រូវបានប្រជាការពារភូមិ និងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាប ចាប់បានភ្លាមៗតែម្ដង។

បើតាមលោកអធិការរង ជនសង្ស័យដែលឃាត់ខ្លូនបានឈ្មោះ ធឿន ចំរើនរិទ្ធ ហៅរឹត ​អាយុ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិធ្លក់អណ្តូង សង្កាត់ស្លក្រាម ក្រុង​សៀមរាប បានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពឆក់ការបូប ពីជនរងគ្រោះពិតមែន។ ក្រោយឃាត់ខ្លួនកម្លាំងនគរបាលជំនាញ ដកហូតបាន ម៉ូតូមួយគ្រឿង ដែលជនសង្ស័យបានជិះធ្វើសកម្មភាព។​

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង​ត្រូវបាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធី​៕