ពលរដ្ឋជិត២៥០គ្រួសារ ទទួលបានអំណោយពីយុវជន «ក១៥៧» សាខាខេត្តក្រចេះ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
17-09-2017 21:17
(ក្រចេះ)៖ យុវជន «ក១៥៧» សាខាខេត្តក្រចេះ ដឹកនាំដោយលោក មិត្ត ឆៃយុទ្ធ ប្រធានសាខា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បានដឹកក្រុមកាងារទៅកាន់បិណ្ឌ នៅវត្តសង្គម ចូលបច្ច័យកសាងវត្ត និងឧបត្ថម្ភគ្រឿងបរិភោគ ថវិកាដល់ពលរដ្ឋក្រីក្រ និងចាសជរាជិត២៥០គ្រួសារ។
ពិធីនេះក៏មានការចូលរួមពី អភិបាលស្រុកសំបូរ លោក អ៊ុយ ភារៈ និងថ្នាក់ដឹកនាំមួយចំនួនទៀត ដែលបានធ្វើនៅវត្ដសង្គម ស្ថិតនៅឃុំសណ្ដាន់ ស្រុកសំបូរ។
លោក មិត្ត ឆៃយុទ្ធ បានឲ្យដឹងថា ក្រុមយុវជន «ក១៥៧» បានរួមគ្នាជួយឧបត្ថមពលរដ្ឋនៅក្នុងភូមិសង្គម ឃុំសណ្ដាន់ ដែលមានជីវភាពក្រីក្រចំនួន២០គ្រួសារ ក្នុង១គ្រួសារទទួល អង្ករ២៥គីឡូក្រាម, ទឹកត្រី, ទឹកស៊ីអ៊ីវ, ត្រីខកំប៉ុង, ប៊ីចេង, ស្ករស, ម្រេច, ខ្ទឹម និងឧបត្ថម្ភចាស់ជរាចំនួន១៥០នាក់ ក្នុងម្នាក់ៗទទួលបាន ខោ អាវ ១កំភ្លេរ និងជួយជាថវិកាដាក់ស្រោមសំបុត្រ ដល់ពលរដ្ឋផ្សេងៗទៀត ចំនួន៧០នាក់ ក្នុងម្នាក់ទទួលបាន៣០,០០០រៀល និងជួយកសាងដល់វត្ត សង្គមចំនួន១លានរៀល ព្រមទាំងមានកម្មវិធីហូបនំបញ្ចុក ដោយមានបងប្អូនពលរដ្ឋប្រមាណជិត៣០០នាក់។
ក្នុងពិធីនោះ លោក មិត្ត ឆៃយុទ្ធ ប្រធានយុវជន ក១៥៧ សាខាខេត្តក្រចេះ បានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ហើយលោកបានលើកថា យុវជនក១៥៧តែងតែចុះជួយដល់បងប្អូន ដែលមានជីវភាពក្រលំបាកទូទាំងខេត្តក្រចេះ មិនមែនជួយតែស្រុកសំបូរមួយនោះទេ ដែលទង្វើនេះក្នុងគោលបំណងមិនចង់ឲ្យមានទូរគតជនទេ៕