ក្រុមប្រជាការពាររាប់សិបនាក់ នៅឃុំត្រពាំងផ្លុង ខេតត្បូងឃ្មុំ ប្តេជ្ញាការពារសន្តិសុខតាមមូលដ្ឋានជូនរាជរដ្ឋាភិបាល, អភិបាលរងខេត្តផ្តល់ថវិកាមួយចំនួន សម្រាប់បុណ្យភ្ជុំ
17-09-2017 21:15
(ត្បូងឃ្មុំ)៖ អភិបាលរងខេត្តត្បូងឃ្មុំ លោក ហាក់ សុខមករា នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ដែលអមដំណើរដោយអភិបាលស្រុកពញាក្រែក មេឃុំត្រពាំងផ្លុង ចុះជួបសំណេះសំណាល សួរសុខទុក្ខក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងជូនថវិកាមួយចំនួន ដល់ប្រជាការពារ មកទាំង១៤ភូមិ ក្នុងឃុំត្រពាំងផ្លុង។
ថ្លែងក្នុងឱកាសនោះ លោក ហាក់ សុខមករា បានជម្រាបជូនស្ថានភាពបច្ចុប្បន្នរបស់ប្រទេសកម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ពោរពេញដោយសុខសន្ដិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលអាចឲ្យប្រជាពលរដ្ឋដើរលេងកម្សាន្ដ និងធ្វើបុណ្យតាមប្រពៃណី ដោយមិនមានភាពភ័យខ្លាចអ្វីទាំងអស់។
អភិបាលរងខេត្តត្បូងឃ្មុំរូបនេះ បានអះអាងថា ពួកគាត់ដែលជាប្រជាការពារទាំងអស់នោះ តែងតែគោរពស្រលាញ់ សុខសន្តិភាព និងការអភិវឌ្ឍនក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
ដោយឡែកកាលពីព្រឹកមិញ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារយុវជនខេត្តត្បូងឃ្មុំ និងប្រធានក្រុមការងារយុវជនស្រុកពញាក្រែក និងក្រុមគ្រួសារ ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១២ នៅវត្តកែវអំពុក ស្ថិតនៅភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក។
លោករៀបរាប់ថា ប្រជាពលរដ្ឋមានប្រកបទឹកមុខ ស្នាមញញឹម និងកាយវិការប្រតិបត្តិធម្មទាន ដោយជ្រះថ្លាទាំងអស់ ដែលពិតជាបញ្ជាក់ថា ប្រជាជនខ្មែរបាននិងកំពុងរស់នៅប្រកបដោយសុខដុមរមនា ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ៕