(កំពង់ស្ពឺ)៖ គិតរហូតដល់ល្ងាចថ្ងៃទី១៧ ខែកញ្ញានេះ មានកម្មកររោងចក្រជឺមីនី នៅខេត្តកំពង់ស្ពឺ ចំនួន១,២១៩នាក់ហើយ បានមកបើកប្រាក់ខែរបស់ខ្លួន ខណៈនៅ៤៩នាក់ទៀតមិនទាន់ មកបើកនៅឡើយនោះទេ បន្ទាប់ពីផ្ទះការតវ៉ារឿងរោងចក្រ ក្ស័យធនរត់ចោលនោះ។

បន្ទាប់ពីកម្មកររោងចក្រមានការតវ៉ា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ មន្ទីរការងារខេត្តកំពង់ស្ពឺ រួមកំលាំង ជាមួយសមាគមរោងចក្រកាត់ដេរ (GMAC) បានពុះពារដោះស្រាយបើកប្រាក់ឈ្នួល ជូនកម្មករ កម្មការី របស់រោងចក្រ ជឺមីនី ដែលត្រូវរងទុក្ខដោយថៅកែរត់ចោល។ ដំណើរការបើកប្រាក់ឈ្នួល ជូនកម្មករ ចាប់ផ្តើមពីយប់ថ្ងៃទី១៦ រហូតដល់ម៉ោង២ភ្លឺ រំលងអធ្រាត។ ការបើកប្រាក់ឈ្នួលនេះ នៅតែបន្តរបើកបន្តរក្នុងថ្ងៃអាទិត្យទី១៧ ខែកញ្ញា ឆ្នាំ២០១៧ នៅមន្ទីរការងារខេត្តកំពង់ស្ពឺ។

បើតាមរបាយការណ៍ពីមន្ទីរការងារខេត្តកំពង់ស្ពឺ បានឲ្យដឹងថា «កម្មករបើកប្រាក់ខែថ្ងៃនេះចំនួន២៤៣នាក់ បូកម្សិលមិញ៩៧៦នាក់ សរុប១,២១៩នាក់ លើ១,២៦៨នាក់ ស្មើនឹង៩៦.១៣% នៅខ្វះ ៤៩នាក់ មិនទាន់ឃើញមកបើក»។

សូមជម្រាបថា នៅថ្ងៃទី១៦ ម្សិលមិញ កម្មករ-កម្មការិនីរោងចក្រជឺមីនី ប្រមាណ៧០០នាក់ បាននាំគ្នាតវ៉ា និងឡោមព័ទ្ធរោងចក្ររបស់ពួកគេ ដោយសារតែមានដំណឹងថា ថៅកែរោងចក្រនេះក្ស័យធន រត់ចោលពួកគេដោយមិនព្រមបើកប្រាក់ខែឲ្យ។

ជាមួយគ្នានេះ មន្ទីរការងារ និងសមាគមរោងចក្រកាត់ដេរ សូមអំពាវនាវឲ្យកម្មករ កម្មការិនីទាំងអស់នៃរោងចក្រខាងលើ មកបើកប្រាប់ខែឲ្យបានគ្រប់ៗគ្នា នៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ៕