(ភ្នំពេញ)៖ សាលាបញ្ញាសាស្រ្ដអន្ដរជាតិ រៀបចំពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០១៧ ដែលបានធ្វើនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកបណ្ឌិត កុល ផេង ប្រធានសាកលវិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជា បិតាស្ថានិកសាកលវិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជា និងសាលាបញ្ញាសាស្ដ្រអន្ដរជាតិ។

ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក លោកស្រី តំណាងទីប្រឹក្សា នៃសាកលវិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជា និងសាលាបញ្ញាសាស្ដ្រអន្ដរជាតិ និងលោក លោកស្រី ភ្ញៀវជាតិ អន្ដរជាតិ ព្រមទាំងមាតាបិតាអាណាព្យាបាលសិស្សជាច្រើននាក់ផងដែរ។

របាយការណ៍បានបង្ហាញថា សិស្សជាបេក្ខជន​ប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សរុប១១៣នាក់ ស្រី៤៣នាក់ បានប្រឡងជាប់ទាំងអស់ ដោយឡែកបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុបចំនួន ១៦៦នាក់ ក្នុងនោះស្រី ៥៦នាក់ បានប្រឡងជាប់គិតភាគរយ ៨៦.៧៥ភាគរយ បាននិទ្ទេស A ចំនួន៩នាក់ ស្រី៤នាក់។

សម្រាប់ទិសដៅឆ្នាំសិក្សាបន្ដ សាលាបានត្រៀមអនុវត្តន៍នូវផែនការ រៀបចំយន្ដការផ្សព្វផ្សាយទូលំទូលាយ ទទួលសិស្សពីគ្រប់មជ្ឈដ្ឋាន ជាយុវសិស្សឲ្យចូលរៀន ដោយសមធម៌ និងបានផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រមួយចំនួន ពិសេសសិស្សនារី ពោលគឺសាលារៀនផ្សាភ្ជាប់ជាមួយគ្រួសារ និងសង្គម ដើម្បីបណ្ដុះបណ្ដាលអប់វិជ្ជាចំណេះទូទៅ និងសីលធម៌ចេះរស់នៅក្នុងសង្គមជាប្រចាំដល់ក្មូយៗ ធានាឲ្យបាននូវការកាត់បន្ថយអត្រាបោះបង់ការសិក្សា និងក្មេងទំនើង។

បន្ដចូលរួមសហការជាមួយរដ្ឋអំណាចមូលដ្ឋាន អនុវត្តយ៉ាងសកម្មនូវគោលនយោបាយ ភូមិសង្កាត់ មានសុវត្ថិភាព គ្រប់គ្រងសាលារៀនឲ្យមានសុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អប្រសើរ និងបន្ដពង្រឹងពង្រីកទំនាក់ទំនងល្អជាមួយអាណាព្យាបាល សហគមន៍ ស្ថាប័នពាក់ព័ន្ធ និងរួមសហការជាមួយដៃគូអភិវឌ្ឍជាតិ អន្ដរជាតិ ដើម្បីអភិវឌ្ឍន៍វិស័យអប់រំ នៅសាលាឲ្យក្លាយជាសាលាគំរូ។

ដោយឡែកសិស្សថ្មីដែលមានការសិក្សាខ្សោយ សាលាបានបើកថ្នាក់បំប៉នគ្រប់កម្រិត ដោយឲ្យបង់ថវិកាសមស្រប ដែលជាទុនបន្ថែមក្នុងការផ្ដល់ចំណេះដឹង ដើម្បីមានសមត្ថភាពនៅពេលសិក្សា។

បន្ថែមពីនេះ សាលា​បញ្ញាសាស្ដ្រអន្ដរជាតិ បានលើកគម្រោងដឹកនាំបង្កើតនូវកម្មវិធីជាច្រើន ដើម្បីស្វែងយល់ពីចំណេះដឹងផ្សេងៗជូនដល់សិស្សានុសិស្សទូទៅ គ្រប់កម្រិតមានកម្មវិធីទស្សនកិច្ចសិក្សាទាំងក្នុង និងក្រៅប្រទេស ពិសេសនៅក្រៅប្រទេស បានដឹកនាំសិស្សទៅចូលរួមក្នុងចលនាប្រឡងប្រណាំង ប្រកួតប្រជែងជាលក្ខណៈអន្ដរជាតិបាញ់កាំជ្រូញទឹក និងផែនដីវិទ្យាអូឡាំព្យាដ ដូចជានៅប្រទេសឥណ្ឌា ថៃ សឹង្ហបុរី និងថ្មីៗនេះ បានដឹកនាំសិស្សទៅចូលរួមប្រកួតក្នុងកម្មវិធីអូឡាំព្យាដ ផ្នែកផែនដីវិទ្យា ជាលក្ខណៈអន្ដរជាតិនៅប្រទេសបារាំង៕​