(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានលើកឡើងថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន គឺមានសន្ដិភាពពេញលេញ អាចឲ្យពលរដ្ឋមានឱកាសដើរលេងកម្សាន្ដ និងធ្វើបុណ្យតាមប្រពៃណីពីបុរាណ ដោយគ្មានការភ័យខ្លាច។
ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងឱកាសឧបនាយករដ្ឋមន្ដ្រី និងភរិយា បានដឹកនាំក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ចូលរួមក្នុងពិធីរាប់បាត្រ ដារឆ្លងបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តបន្ទាយនាង (ទឹកជុំបរម្យគង្គា) ភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ព្រមទាំងបានជួបសំណេះសំណាលជាមួយព្រះសង្ឃ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋចំនួនជាង២០០នាក់។
ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានបញ្ជាក់ថា ក្រោមការយុទ្ធសាស្រ្តរាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស ជាមួយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានកាត់ខ្វាត់ខ្វែង តភ្ជាប់ពីតំបន់ជនបទដាច់ស្រយ៉ាលដល់ទីប្រជុំជន បង្កលក្ខណៈងាយស្រួល ទាំងការដឹកជញ្ជូនផលិតផល និងធ្វើដំណើរទៅជួបជុំសប្បាយ ជាមួយក្រុមគ្រួសារដើម្បីធ្វើបុណ្យទាន ក៏ដូចជាដើរលេងកំសាន្តតាមរមណីយដ្ឋាន និងវត្តអារាមនានា ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងដាក់បិណ្ឌនេះ ពិសេសបានមកអង្គុយធ្វើបុណ្យរួមគ្នា នៅវត្តបន្ទាយនាងនៅថ្ងៃនេះ។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី ក៏បាននាំនូវការសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំ គណបក្សប្រជាជនទាំងអស់ ដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្ស និស្សិតប្រជាពលរដ្ឋទាំងអស់នៅខេត្តបន្ទាយមានជ័យ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជន កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ និងបានសំណូមពរឲ្យអ្នកបោះឆ្នោតទាំងអស់ បន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជន នៅឆ្នាំ២០១៨ខាងមុខ។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ និងក្រុមការងារ ក៏នាំយកនូវទេយ្យទាន បច្ច័យកសាង និងអំណោយប្រគេនព្រះសង្ឃ និងចែកជូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ្ធ រួមមាន៖ ពលរដ្ឋជាង២០០នាក់ ក្នុងម្នាក់ទទួលបានសារ៉ុង១, ថវិកាបច្ច័យបិណ្ឌទី១២ចំនួន៥៥២០,០០០រៀល និង៥៥៥ដុល្លារ, អង្ករ២០០គីឡូក្រាម, ទឹកសុទ្ធ១០កេស, ទឹកស៊ីអ៊ីវ១០យួរ, ទឹកត្រី១០យួរ, ទឹកក្រូច៥កេស, ទឹកផ្លែឈើ៥កេស, មី១០កេស, ប្រគេនស៊ីម៉ង់ចំនួន២០តោន៕