(សៀមរាប)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារ គណៈកម្មាធិការកណ្ដាល ចុះជួយខេត្តសៀមរាប បានប្រគល់ប័ណ្ណសរសើរ និងប្រគល់រង្វាន់ម៉ូតូជូនសិស្សចំនួន៤៧នាក់ ដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាប់និទ្ទេស A ឆ្នាំ២០១៧ នៅទូទាំងខេត្តសៀមរាប។

ពិធីប្រគល់រង្វាន់លើកទឹកចិត្តនេះ ក៏មានការចូលររួមដោយលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប តំណាងរាស្ត្រមណ្ឌលសៀមរាប រួមនិងវត្តមានថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្សានុសិស្ស មាតាបិតាអាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូផងដែរ នៅរដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧នេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានរំលឹកជូនក្មួយៗសិស្សានុសិស្សជាប់និទ្ទេស A និងសមាជិកអង្គពិធីទាំងមូល បានជ្រាបថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចាត់ទុកវិស័យអប់រំ ជាការងារអាទិភាព ព្រោះការអប់រំបានបង្កើតឡើងមូលធនមនុស្ស គំនិតច្នៃប្រឌិត បច្ចេកវិទ្យា ដែលជាកត្តាដ៏សំខាន់មិនអាចខ្វះបាន សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងដើម្បីធានាបាននូវសក្តានុពល សម្រាប់ការប្រកួតប្រជែងជាអន្តរជាតិ ការធ្វើពិពិធកម្ម សេដ្ឋកិច្ចជាតិ និងនិរន្តភាពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់យើង ។

សម្តេចពិជ័យសេនា មានជំនឿយ៉ាងមុតមាំថា ក្មួយៗដែទទួលបាននិទ្ទេស A ទាំង៤៧រូបនាពេលនេះ នឹងខិតខំបន្តការសិក្សាទៅមុខទៀត ដើម្បីទទួលបានចំណេះដឹង ចំណេះធ្វើ សម្រាប់ដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍន៍ជាមួយធនធាន របស់ក្មួយៗដែលមាន ប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់បន្តវេន កសាង ការពារ អភិវឌ្ឍន៍សង្គមជាតិ ឲ្យឆ្លើយតបបានទៅនឹងបរិបទ នៃការវិវត្តន៍ក្នុងតំបន់ និងពិភពលោក និងបានចាត់ទុកថា ក្មួយៗទាំងអស់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នាពេលអនាគតក្នុងការលើកកម្ពស់ ការ​អភិវឌ្ឍន៍ធនធានមនុស្ស ឲ្យឆ្លើយតបទៅនឹងតម្រូវការប្រទេសជាតិ ចូលរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាលទី៣ ដើម្បីកំណើន​ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា។

បើតាមរបាយការណ៍របស់មន្ទីរអបរំ យុវជន និងកីឡាខេត្តសៀមរាប បានឲ្យដឹងថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A សម័យប្រឡងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅខេត្តសៀមរាប មានចំនួន៤៧នាក់ ក្នុងចំណោម១១មណ្ឌល ដែលមានបេក្ខជនសរុប ៧,០២៦នាក់ (ស្រី ៣,៩១៥នាក់) ក្នុងនោះមានអ្នកប្រឡងជាប់ ៥,១២៦នាក់ (ស្រី ២,៨៩៨នាក់) ដែលមាននិទ្ទេស A ៤៧នាក់ (ស្រី ២២នាក់) និទ្ទេស B ១៨៤នាក់ (ស្រី ១០១នាក់) និទ្ទេស C ៣៥៥នាក់ (ស្រី ១៩២នាក់) និទ្ទេស D ៧៤១នាក់ (ស្រី ៤៣៦នាក់) និទ្ទេស E ៣,៨០២នាក់ (ស្រី ២​,១៤៧នាក់) បើប្រៀបធៀបឆ្នាំសិក្សា ២០១៥-២០១៦ បើគិតជាភាគរយ គឺមានកំណើន ៧២.៩៦%។

ក្នុងនោះផងដែរ មាតាបិតា អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បានថ្លែងអំណរគុណចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់ និងថ្នាក់ដឹកនាំទាំងអស់ដែលបានឧបត្ថម្ភគាំទ្រ និងបានប្រគល់ប័ណ្ណសរសើរ ប្រគល់រង្វាន់ម៉ូតូ ជូនសិស្សានុសិស្ស នៅខេត្តសៀមរាបចំនួន ៤៧នាក់ នាពេលនេះ។

សម្រាប់រង្វាន់លើកទឹកចិត្តដែលបានប្រគល់ជូនសិស្សានុសិស្សប្រឡងជាប់និទ្ទេស A ទាំង៤៧នាក់នេះ ក្នុងម្នាក់ៗទទួលបានប្រគល់ប័ណ្ណសរសើរមួយ ម៉ូតូ១គ្រឿង ដែលនឹងធ្វើស្លាក់លេខជូនផងដែរ រួមជាមួយប្រេងសាំង ៥០លីត្រ ថវិកា១០ម៉ឺនរៀល។

សូមបញ្ជាក់ថា បើតាមការគ្រោងទុករបស់រាជរដ្ឋាភិបាល សិស្សានុសិស្ស ដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A សម័យប្រឡងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ពីខេត្តសៀមរាប និងពីគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេស នឹងមានកិត្តិយសបានចូលជួបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ នាពេលខាងមុខនេះ៕