(បាត់ដំបង)៖ មន្រ្តីកាំកុងត្រូលខេត្តបាត់ដំបង សហការជាមួយមន្រ្តីគយ នគរបាល​ប្រចាំការនៅស្នាក់ការប៉ុស្ដិ៍អូររំដួលស្រុកភ្នំព្រឹក បានចុះបង្រ្កាប និងចាប់បានជង្គង់មាន់​ ស្លាបមាន់ ខូចគុណភាពចំនួន៩៨គីឡូក្រាម និងនំគ្មានស្លាកសញ្ញាចំនួន៤៥គីឡូក្រាម ដែលឈ្មួញលួចនាំចូលពីប្រទេសថៃ យកមកដុតកម្ទេចចោល នៅនឹងកន្លែងភ្លាមៗ នៅ​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ​២០១៧​។

លោក ហាក់ សុខរិន បានបញ្ជាក់​ថា កន្លងមកលោកតែងបានចាត់ឲ្យមន្រ្តីជំនាញ ដែលឈរជើងប្រចាំការតាមគោលដៅរៀងៗខ្លួន ពិសេសនៅតាមច្រកព្រំដែន កម្ពុជា-ថៃ ក្នុងដែនដីខេត្តបាត់ដំបង តែងបានតាមឃ្លាំមើលជាប្រចាំដើម្បី ទប់ស្កាត់នូវការនាំចូលទំនិញ ពាក់ព័ន្ធ​ទៅនឹងចំណីអាហារខូចគុណភាព មិនឲ្យហូរចូលលក់ក្នុងទីផ្សារ​នានាបានឡើយ ព្រមទាំងបានធ្វើការផ្សព្វផ្សាយដល់ អាជីវករលក់តាមផ្សារ និងអ្នកប្រើប្រាស់ជាប្រចាំកន្លងមក។

លោកប្រធានសាខាកាំកុងត្រូល សូមណែនាំដល់អាជីវករជាអ្នកនាំចូលទំនិញខូចគុណភាព មេត្តាបញ្ឈប់នាំចូលទៀត ទោះ​ជាក្នុងរូបភាពណាក៏ដោយ គឺធ្វើដើម្បីសុវត្តិភាព និងជួយទប់ស្កាត់ការនាំចូល នូវទំនិញខូចគុណភាព និងនំគ្មានស្លាកសញ្ញាដែលធ្វើឲ្យប៉ះពាល់សុខភាព ប្រជាពលរដ្ឋ​ទាំងអស់គ្នា។

លោកអះអាងថា មន្ដ្រីកាំកុងត្រូលខេត្តបាត់ដំបង និងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ប្តេជ្ញាទាំងអស់គ្នា នឹង​ទប់ស្កាត់ការនាំចូលទំនិញខូចគុណភាព មិនឲ្យមានលក់នៅលើទីផ្សារបន្តទៀត៕