(ភ្នំពេញ)៖ ក្រុមចោរឆក់ដែលតែងតែធ្វើសកម្មភាពមិនថាថ្ងៃយប់ ដោយមិនសំចៃដៃនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បង្ក្រាបបាន៣នាក់ នៅចំណុចភោជនីយដ្ឋានកុងធិនន័រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។
បើតាមនាយការិយាល័យរូបនេះ ទី១៖ឈ្មោះ សុច បូរិទ្ធ ហៅខាំមីន អាយុ១៦ឆ្នាំ មុខរបរជាងជួសជុលរថយន្ត, ទី២៖ឈ្មោះ ទី សំណាងដេវីដ អាយុ១៩ឆ្នាំ មុខរបរឌីជេ, ទី៣៖ឈ្មោះ សាន្ត វិសាល អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៦៣៣ (ម)ដ.ឃ.ដ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ចេញដោយលោក គឹម រត្ន័ណារិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
លោកបញ្ជាក់ថា ក្រុមជនសង្ស័យនេះ បានធ្វើសកម្មភាពចំនួន៣លើក ដោយលើកទី១ កាលពីថ្ងៃទី០៥ ខែកក្កដា ២០១៧វេលាម៉ោង១០៖៣០នាទី ឆក់កាបូប នៅចំណុចមុខសាលាបឋមសិក្សាទួលគោក ផ្លូវ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក, លើកទី២ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ១៧៖០០នាទី ឆក់កាបូបស្ពាយ នៅចំណុចមុខសាលារៀនហ្សាមែន ផ្លូវលេខ៣១៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក និងលើកទី៣ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៣៖០០នាទី ឆក់កាបូបស្ពាយ នៅចំណុចមុខមន្ទីរពេទ្យកាល់ម៉ែត ផ្លូវព្រះមុន្នីវង្ស ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ក្រោយឃាត់ខ្លួនកម្លាំងនគរបាលជំនាញ ដកហូតបាន ម៉ូតូម៉ាក KTM DUK ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1GG-1142, ម៉ូតូម៉ាកហុងដា MOOV ពណ៌ទឹកប៊ិច ស៊េរីឆ្នាំ២០១៤ ពាក់ស្លាលេខភ្នំពេញ1FF-1704។ បច្ចុប្បន្នការិយាល័យកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕