(ត្បូងឃ្មុំ)៖ បន្ទាប់ពីការលាបពណ៌ និងចោទប្រកាន់ថា ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចែកអំណោយដល់កងកម្លាំងនគរបាលអន្ដរាគមន៍ពិសេស បានមកពីការអំពើរពុករលួយ និងជានយោបាយប្រជាភិថុតនោះ, នៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន បានចេញមកបកស្រាយថា អំណោយទាំងអស់នោះបានមកពីសប្បុរសជននានា។
លោកឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន បានចាត់ទុកថា ការចោទប្រកាន់នៅលើបណ្ដាញសង្គម Facebookនោះ គឺជាទស្សនៈមិនត្រឹមត្រូវ និងមិនហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ ដែលមិនអាចទទួលយកបានទេ និងច្រានចោលទាំងស្រុងនូវអត្ថបទដ៏គំរក់នេះ។
ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបំភ្លឺយ៉ាងដូច្នេះថា អំណោយបានមកពីអំពើល្អ និងការខិតខំបម្រើជាតិ របស់កងកម្លាំងនគបាល មិនមានសៅរ៍ អាទិត្យ គិតទាំងសេវាតម្រូវការ សេវាចាំបាច់ និងគ្រប់ច្រកល្ហក់ ទើបសប្បុរសជនលោកឧបត្ថម្ភ គឺជាការឆ្លើយតប និងអំពើល្អទាំងនេះ ការពិតគឺ៖
*ម្ចាស់អំណោយ គឺជាសប្បុរសជនច្រើននាក់ ដែលមិនមានតួនាទីក្នុងមុខងារសាធារណៈរបស់រដ្ឋឡើយ ភាគច្រើនជាសប្បុរសជន នៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងភ្នំពេញ និងខេត្តដ៏ទៃទៀត បានផ្តល់ឲ្យយើងខ្ញុំ និយាយឲ្យចំគឺសមាជិកគណបក្សប្រជាជនកម្ពុជា
*ពួកលោកបានចំណាយធនធានផ្ទាល់ខ្លួន តាមការស្នើរបស់ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងតាមមើលថា អំណោយនេះបានដល់ដៃអ្នកប្រើប្រាសមែនឬអត់
*អំណោយនេះនឹងត្រូវបានទៅដល់ដៃ មន្រ្តីដែលមានការខ្វះខាត និងកំពុងមមាញឹកក្នុងការបង្រ្កាបពួកអមិត្តឈ្លើងសង្គម និងក្រុមជនសង្គមងងឹត
*អំណោយនេះ បានទៅដល់ដៃកុមារកំព្រា ជនពិការ អ្នកជំងឺ៘
*យើងក៏នឹងរៀបចំមួយផ្នែកសម្រាប់និវត្តន៍ជន ដែលធ្លាប់មានគុណបំណាច់លើប្រទេសជាតិ
*អ្វីដែលយើងធ្វើនៅពេលនេះ គឺដើរតាមមាគ៌ាដែលថ្នាក់ដឹកនាំយើងបានចង្អុលចុះ
លោកស្នងការបញ្ជាក់ថា បើមានអ្នកចង់ដឹងថាអំណោយនេះ មានប្រភពមកពីណា សូមអញ្ជើញមកកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នឹងបង្ហាញជូនថា តើម្ចាស់អំណោយជានរណា? ឈ្មោះអ្វីខ្លះ? ហើយម្នាក់ៗឧបត្ថម្ភអ្វីខ្លះ? និងហេតុអីបានពួកគាត់ឧបត្ថម្ភ?។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការត្បូងឃ្មុំ ប៉ែន រ័ត្ន នឹងបង្ហាញឈ្មោះសប្បុរសជនទាំងអស់ ដែលបានផ្តល់អំណោយជូនដល់កម្លាំងនគរបាល ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ ហើយព្រមទាំងនឹងចេញលិខិតថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់នោះផងដែរ៕