(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះថា មន្ត្រីយោធាម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវចាប់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តសួរនាំ ក្រោយពីបានប្រើហិង្សា ដោយយកប៉ាន់តែទៅវាយក្បាលមន្ត្រីនគរបាលម្នាក់ បណ្ដាលឲ្យរងរបួសហូរឈាមដេរចំនួន៦ត្នេរ។
ជនដៃដល់ជាមន្ត្រីយោធាមានឈ្មោះ កែវ វិជ្ជា អាយុ៣១ឆ្នាំ និងជានិស្សិត ស្នាក់នៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ ឯជនរងគ្រោះឈ្មោះ អ៊ុ ពិសិដ្ឋ អាយុ៣១ឆ្នាំ ជាមន្ត្រីនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបញ្ជាក់ថា ករណីមន្ត្រីយោធា បានប្រើហិង្សាវាយលើមន្ត្រីនគរបាល បណ្ដាលឲ្យបែកក្បាលរងរបួសហូរឈាម ខាងលើនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៤ ខែកញ្ញាម្លេះ ដោយសារតែយោងតាមសាក្សី នៅមុនពេលកើតហេតុ គេបានឃើញជនបង្កជិះរថយន្តពណ៌ស ស្លាកលេខភ្នំពេញ2A-2086 មួយគ្រឿងជាមួយឪពុក ដោយបើកចូលក្នុងភូមិសាមគ្គី ដើម្បីយករថយន្ដទៅទុកនៅផ្ទះ រួចហើយក៏យកម៉ូតូជិះដឹកបក្ខពួកម្នាក់ទៀត ដោយយកប៉ាន់តែមកធ្វើសកម្មភាពវាយក្បាលមន្ត្រីនគរបាល បណ្ដាលឲ្យបែកហូរឈាមដេរចំនួន៦ត្នេរ រួចរត់គេចខ្លួនបាត់ម្នាក់ បន្ទាប់ពីកើតហេតុភ្លាមៗ ខណៈជនបង្កជាមន្ត្រីយោធា បានរត់ចូលទៅលាក់ខ្លួនក្នុងផ្ទះ រហូតដល់ព្រឹកថ្ងៃទី១៥ ខែកញ្ញា ទើបឃាត់ខ្លួនបាន ដោយសហការជាមួយលោក តូច គឹមសុង នាយនគរបាលប៉ុស្ដិ៍ឫស្សីកែវ។
បច្ចុប្បន្ន ជនសង្ស័យជាមន្ត្រីយោធា ដែលបានយកប៉ាន់តែវាយទៅលើក្បាលមន្ត្រីនគរបាល បណ្ដាលឲ្យបែកហូរឈាមដេរដល់ទៅ៦ថ្នេរ ត្រូវបាននិងកំពុងបន្តឃាត់ខ្លួនសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី ក្នុងករណីហិង្សាដោយចេតនា៕