(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកស្រីឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជាសន្តិភាពដើម្បីអភិវឌ្ឍន៍ តំណាង នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយថ្នាក់ដឹកនាំ ពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភារាជរដ្ឋាភិបាល ជាក្រុមការងារ
ថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ បានអញ្ជើញទៅចូលរួម ក្នុងពិធីរាប់បាត្រដារឆ្លងពិធីកាន់បិណ្ឌវេនទី១១ ដោយនាំយកគ្រឿងបរិក្ខារទៅប្រគេនដល់ ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តប្រាសាទរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក ព្រមទាំងមានការចូលរួមពីពុទ្ធបរិស័ទប្រជាពលរដ្ឋ សិស្សានុសិស្សមន្រ្តីរាជការសរុបចំនួនជាង៥០០នាក់។
ក្នុងឱកាសនោះ លោកស្រី ម៉ៅ ម៉ាល័យ បានពាំនាំបណ្តាំសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ គណបក្សប្រជាជនទាំងអស់ដែលតែងគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់ពេលវេលាគ្រប់ទីកន្លែង បានថ្លែងថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើង ជារៀងរាល់ឆ្នាំដើម្បីឧទ្ទិសកុសល ជូនដល់បុព្វរីជន ដែលបានចែកឋាននៅកាន់ បរមលោកទៅហើយ ដើម្បីទទួលបានសេចក្តីសុខសិរីសួស្តី សម្រាប់ការរស់នៅប្រកបរបរទទួលទានផ្ទាល់ខ្លួនផងដែរ។
ជាមួយ នឹងការធ្វើបុណ្យប្រពៃណីនេះ ក៏ជាការបង្ហាញអំពីការរីកចម្រើន របស់ប្រទេសជាតិ ទាំងលើវិស័យពុទ្ធចក្រ និងអាណាចក្រ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
ក្នុងឱកាសនោះដែរ លោកស្រី ម៉ៅ ម៉ាល័យ បានសម្តែងនូវសេចក្តីរីករាយ និងអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានស្មារតីសាមគ្គីគ្នា ឯកភាពផ្ទៃក្នុង ចូលរួមថែរក្សាសន្តិភាពជាមួយរាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
កាលណា ប្រទេសជាតិមានសុខសន្តិភាពយើង បានមកអង្គុយធ្វើបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌជាមួយគ្នា ដើម្បីឧទ្ទិសកុសល ជូនដល់បុព្វរីជន ដែលបានចែកឋាននៅកាន់បរលោក និងចែករំលែកកុសលផលបុណ្យ ជូនទៅព្រលឹងបុព្វបុរស យុទ្ធជន យុទ្ធនារី ដែលបានពលីជិវិតក្នុងបុព្វហេតុជាតិមាតុភូមិ សូមឲ្យដួងវិញ្ញាណក្ខ័ន្ធអ្នកទាំងអស់នោះបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានោះ លោកស្រី ម៉ៅ ម៉ាល័យ បាននាំយកទេយ្យទានគ្រឿងបរិក្ខារ និងអំណោយដើម្បីប្រគេននិងចែកជូន រួមមាន៖ ១. អង្ករ ២០០ គីឡូក្រាម, ២. ទឹកក្រូច ៥កេស, ៣. ទឹកបរិសុទ្ធ ១០កេស, ៤. ទឹកស៊ីអ៊ីវ១០យួរ, ៥. ទឹកត្រី១០យួរ, ៦. មី ១០ កេស, ៧. ទឹកផ្លែឈើ ៥កេស, ៨. ប្រគេនបច្ច័យបុណ្យបាន ៦៨២១០០០រៀល, ៩. ស៊ីម៉ង់១១តោន,១០. ប្រជាពលរដ្ឋចូលរួមចំនួនជាង៥០០នាក់ ក្នុងម្នាក់ៗទទួល បានអំណោយសារ៉ុង១៕