(សៀមរាប)៖ យុទ្ធនាការ «សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៧» ក្រោមប្រធានបទ «មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់» ដែលរៀបចំឡើងដោយអង្គការ មូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា សហការជាមួយគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបណ្តាអ្នកពាក់ព័ន្ធ ផ្សេងទៀត នៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តសៀមរាប និងដោយមានដង្ហែជាក្បួនយុទ្ធនាការតាមដងផ្លូវ មួយចំនួនក្នុងក្រុងសៀមរាប។
ពិធីនេះក្រោមអធិបតីភាព លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក, លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប, លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួស អាស៊ី ប្រចាំនៅកម្ពុជា និងដោយមានអ្នកចូលរួមពីលោក, លោកស្រី តំណាងស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត មន្ទីរពាក់ព័ន្ធនានា តំណាងអង្គការមូលនិធិបង្ការរបួសអាស៊ី ប្រចាំនៅកម្ពុជា និងសិស្សានុសិស្ស សរុបប្រមាណ៣០០នាក់។
លោកស្រី មឹន មាណវី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា និងជំនួយរបស់អូស្រ្តាលី ដែលបានខិតខំយកចិត្តទុកដាក់ ប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត សហការ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តនូវរាល់សកម្មភាព ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងពេលកន្លងមក ក៏ដូចជាពេលប្ចុប្បន្ន ដើម្បីទប់ស្កាត់, លុបបំបាត់ និងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ដែលតែងកើតមានឡើងជារៀងរាល់ថ្ងៃ។ ជាក់ស្តែងចាប់តាំងពីឆ្នាំ២០០៤ មកដល់ពេលនេះ អង្គការបានចែកមួកសុវត្ថិភាព ចំនួនជាង៥០,០០០មួក ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាជនកម្ពុជា ហើយនៅថ្ងៃនេះបានចែកជូនមួកសុវត្ថិភាព ចំនួន២៤៨មួក។
លោកស្រី បញ្ជាក់ថា ដោយប្រទេសកម្ពុជា មានសន្ដិភាព ពិសេសសេដ្ឋកិច្ចសង្គមជាតិ ដែលជំរុញឲ្យសេដ្ឋកិច្ចជាតិមានកំណើនជារៀងរាល់ឆ្នាំ ធ្វើឲ្យប្រជាជនមានជីវភាពធូរធារ និងមានលទ្ធភាព ទិញយានយន្ដសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងសម្រាប់បុត្រធីតាផង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ចំនួនយានយន្ដនៅទូទាំងប្រទេស មានការកើនឡើងយ៉ាងឆាប់រហ័ស ដែលជាមូលហេតុមួយនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ បានកើនឡើងក្នុងតួលេខគួរឲ្យព្រួយបារម្ភ ដោយចំនួនអ្នកស្លាប់ និងអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមដ៏ធំមួយ នាពេលបច្ចុប្បន្ន។
ហានិភ័យទាំងឡាយ ដែលបានកើតឡើងជាយថាហេតុ ដោយសារតែការធ្វេសប្រហែស ការមិនយោគយល់ អធ្យាស្រ័យ ការមិនចេះ និងមិនគោរពច្បាប់ចរាចរណ៍ជាដើម ដោយបើកបរមិនពាក់មួកសុវត្ថិភាព និងខ្សែក្រវ៉ាត់សុវត្ថិភាព ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ការបើកបរហួសល្បឿនកំណត់ ការវ៉ា/ជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ការបើកបរ ឬធ្វើដំណើរតាមយានយន្តផ្ទុកលើសចំណុះ ការមិនគោរពសិទ្ធិអាទិភាពពេលបើកបរ ការប្រើទូរស័ព្ទដៃពេលបើកបរ ការត្រួតពិនិត្យយានយន្ត និងគ្រឿងបរិធាន ការបើកបរដោយមិនមានប័ណ្ណបើកបរត្រឹមត្រូវ តាមប្រភេទយានយន្ត ការមិនបានបំពាក់សម្ភារៈចំណាំង និងកត្តាផ្សេងៗទៀត ពិសេសកត្តាអ្នករងគ្រោះនោះ ពុំបានពាក់មួកសុវត្ថិភាព។ គ្រោះថ្នាក់នេះបង្កឲ្យមានការខាតបង់ទ្រព្យសម្បត្ដិ អាយុជីវិតមនុស្ស និងបន្សល់ទុកនូវបញ្ហាពិការភាព កុមារកំព្រា ស្រ្ដីមេម៉ាយ ចាស់ឥតទីពឹង និងបញ្ហាសង្គមផ្សេងៗមួយចំនួនទៀត។
លោកស្រីរដ្ឋលេខាធិការ បន្ថែមថា ពាក់មួកសុវត្ថិភាពដែលទទួលបានក្នុងថ្ងៃនេះ ត្រូវពាក់ជាប់ជាប្រចាំ នៅរៀងរាល់ពេលធ្វើដំណើរដោយទោចក្រយាន និងទោចក្រយានយន្ដនៅលើដងផ្លូវ ដើម្បីការពារខ្លួនពីគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ ក្នុងពេលធ្វើដំណើរ ព្រោះមួកសុវត្ថិភាព គឺអាចជួយការពារអាយុជីវិត ឬការទទួលរងរបួសក្បាលធ្ងន់ធ្ងរ ដូចប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដែលបានជំរុញឲ្យប្រជាពលរដ្ឋ គ្រប់វ័យទាំងអស់ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ រាល់ពេលធ្វើដំណើរតាមទោចក្រយានយន្ដ មិនថាបើកបរនៅពេលណា ទីកន្លែងណា ទាំងអ្នក បើកបរ និងអ្នករួមដំណើរជាមួយតាមទោចក្រយានយន្ដ «មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់»៕