គណៈប្រតិភូខណ្ឌពោធិ៍សែនជ័យ ខណ្ឌព្រែកព្នៅ និងមន្ទីរសាធារណការ យកអំណោយជូនកងកម្លាំងនគរបាលវរៈសេនាតូចលេខ៧៩៣ ឈរជើងនៅច្រកអានសេះ
16-09-2017 10:21
(ព្រះវិហារ)៖ គណៈប្រតិភូ២ខណ្ឌ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដឹកនាំដោយលោក សាំ ពិសិដ្ឋ, សាលាខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធិ និងខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក សុខ សម្បត្តិ បានចុះសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគ បរិភោគ ជូនដល់កងកម្លាំងនគរបាលវរៈសេនាតូចលេខ៧៩៣ ឈរជើងនៅទិសច្រកអានសេះ ខេត្តព្រះវិហារ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។
ជំនួសមុខឲ្យប្រតិភូ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានថ្លែងកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ចំពោះវរភាពដ៏អង់អាចក្លាហានរបស់បងប្អូនវរៈនគរបាលនៅសមរភូមិមុខ នាតំបន់ប្រាសាទព្រះវិហារ ដែលបានតស៊ូជម្នះគ្រប់ ឧបសគ្គគ្រប់យ៉ាង និងហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុ ការពារជាតិ មាតុភូមិ និងការពារបូរណភាពទឹកដីរបស់យើង ដោយមិនឲ្យសត្រូវឈ្លានពាន មកលើទឹកដីកម្ពុជាយើង បានជាដាច់ខាតសូម្បីមួយចំអាម ឬមួយមីល្លីម៉ែត្រ។
ក្នុងឱកាសនោះ ក្រៅពីសួរសុខទុក្ខគណៈប្រតិភូ បានជូនអំណោយសម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ មានទឹកក្រូ៥០កេស ទឹកក្រូច៥០កេស ស្រាបៀរ៥០កេស និងមី៥០កេស ព្រមទាំងផ្តល់ថវិកាដល់កងកម្លាំងនគរបាលវរៈសេនាតូចលេខ៧៩៣ ចំនួន២៩០នាក់ផងដែរ៕