(រតនគិរី)៖ លោក មួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ថង សាវុន អភិបាលខេត្តរតនគិរី នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដឹកនាំគណៈប្រតិភូខេត្ត ចុះសំណេះសំណាល និងសាកសួរសុខទុក្ខ កងកម្លាំងយោធាដែលឈរជើងការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ (ខេត្តស្ទឹងត្រែង) ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
អភិបាលខេត្តរតនគិរី បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល ជូនចំពោះកងកម្លាំងទាំងអស់ ដែលកំពុងតែឈរជើងដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ប្រកបដោយភាពអង់អាចក្លាហានជាទីបំផុត ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ។
លោក ថង សាវុន ក៏បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវមានស្មារតីសាមគ្គីភាព ជួយយកអស្សាចំពោះសុខទុក្ខគ្នា និងចេះចែករំលែកគ្នាទៅវិញទៅមក ក្នុងនាមមិត្តរួមប្រដាប់អាវុធ រួមជាតិតែមួយ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត បានផ្តល់ថវិកាចំនួន ៥,០០០,០០០រៀល សម្រាប់អង្គភាព និង១០០,០០០រៀល ក្នុងម្នាក់ រួមនឹងគ្រឿងឧបភោគបរិភោគជាច្រើនទៀត សម្រាប់ផ្គត់ផ្គង់ដល់អង្គភាព៕