(ភ្នំពេញ)៖ ក្លឹបបាល់ទះដ៏ល្បីរបស់ប្រទេសថៃឈ្មោះ «NK Fitness» បានជ្រើសរើសយកកីឡាករបាល់ទះកម្ពុជា មី រស្មី (ពាក់អាវលេខ៨) ទៅលេងឲ្យក្លឹបរបស់ខ្លួន។ នេះបើតាមលោក ស សុខា អនុប្រធានទី១នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលបានសរសរនៅលើ Facebook ផ្លូវការរបស់ខ្លួន ជាមួយការអបអរសាទរផងដែរ។
បើតាមលោក ស សុខា កីឡាករ មី រស្មី សព្វថ្ងៃកំពុងលេងឲ្យក្លឹបវិសាខារបស់កម្ពុជា ជាកីឡាករឆ្នើមមួយរូបប្រកបដោយទេពកោសល្យ។ លោកថា នេះជាលើកទី១ហើយ ដែលបរទេសទិញកីឡាករខ្មែរទៅលេង League នៅប្រទេសថៃ នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ រហូតពេញមួយរដូវកាល ពោលគឺលេងរហូតដល់ចូលឆ្នាំខ្មែរ។
កីឡាករ មី រស្មី ជាកីឡាករប្រកបដោយទេពកោសល្យ ដែលរួមមានទាំងបច្ចេកទេស និងភាពវៀងវៃ រហ័សរហួន ក្នុងចំណោមកីឡាករជាច្រើនទៀតរបស់ក្លឹបបាល់ទះវិសាខា។
លោកបន្តថា ក្លឹបបាល់ទះវិសាខា ជាក្លឹបកំពុងទទួលប្រជាប្រិយភាព និងល្បីឈ្មោះទាំងក្នុងប្រទេសកម្ពុជា និងឆាកអន្តរជាតិ។ ក្លិបនេះ បាននាំកីឡាករចេញប្រកួតរាប់ភ្លេចដង ទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយតែងតែទទួលបានពានរង្វាន់ក្នុងព្រឹត្តិការណ៍ប្រកួតធំៗ នាំមកនូវកិត្តិស័ព្ទជូនជាតិ ពិសេសលើកកម្ពស់វិស័យកីឡាកម្ពុជា។
លោក ស សុខា បានសម្ដែងនូវការអបអរសាទរ ដែលកីឡាករខ្មែរមានសមត្ថភាពមិនចាញ់កីឡាករបរទេសប៉ុន្មានឡើយ រហូតមានឱកាសស្មើមុខស្មើមាត់ជាមួយប្រទេសជិតខាង រហូតត្រូវបានក្លឹបដ៏ល្បីនៅប្រទេសថៃ ជ្រើសរើសយកទៅលេងក្នុងក្លឹបរបស់គេ៕