(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ នៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៧ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ ក្នុងឱកាសចុះសួរសុខទុក្ខគ្រួសារកុមារមានជំងឺ និងទារកទើបកើតចំនួន ៤២៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ រួមជាមួយថ្នាក់ដឹកនាំ-សហការី នៃកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់តាមគ្រែរបស់អ្នកជំងឺ ដោយបានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើការសួរសុខទុក្ខ គិតគូរ និងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋជួបការលំបាក ហើយត្រូវការឱ្យកាកបាទក្រហមកម្ពុជាជួយជាចាំបាច់ ជាពិសេស ចាស់ជរាឥតទីពឹង គ្រួសារជនពិការ កុមារកំព្រា ស្ត្រីមេម៉ាយ អ្នកជំងឺក្រីក្រ និងអ្នករស់នៅជាមួយមេរោគអេដស៍។ល។
ជាមួយគ្នានោះ លោកស្រីអគ្គលេខាធិការ បានថ្លែងនូវការកោតសរសើរប្រកបដោយ មោទនភាពចំពោះវឌ្ឍនភាពរបស់មន្ទីរពេទ្យកុមារជាតិ ដែលបានជួយដល់កុមារកម្ពុជារាប់ម៉ឺននាក់ មកដល់សព្វថ្ងៃ។ ទន្ទឹមនឹងនេះ សូមផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ មានអនាម័យស្អាតក្នុងការបរិភោគ-រស់នៅ ដើម្បីចៀសផុតពីជំងឺដង្កាត់ផ្សេងៗ ដែលជាហេតុធ្វើឱ្យសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ។ សូមប្រុងប្រយ័ត្ននឹងជំងឺគ្រុនឈាម-គ្រុនចាញ់ ដែលបង្កឡើងដោយមូសខ្លាញី និងមូលដែកគោល ដោយត្រូវគេងក្នុងមុងជានិច្ច។ ចំពោះស្ត្រីមានផ្ទៃពោះ សូមទៅពិនិត្យសុខភាពឱ្យបានទៀតទាត់ និងចាក់ថ្នាំបង្ការជំងឺ ហើយសម្រាលកូននៅមណ្ឌលសុខភាព ដើម្បីសុវត្ថិភាពទាំងម្តាយ និងកូន។
ក្រុមគ្រួសារអ្នកជំងឺទាំងអស់ មានក្តីរីករាយឥតឧបមា ដោយបានកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរ ជួយសម្រាលការលំបាក និងផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ទន្ទឹមនឹងនេះ សូមថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ ដែលបានខិតខំយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ អស់ពីសមត្ថភាព មានវិជ្ជាជីវៈច្បាស់លាស់ និងពោរពេញដោយក្តីមេត្តា ករុណា មនុស្សធម៌ចំពោះអ្នកជំងឺ។
សូមបញ្ជាក់ថា អ្នកជំងឺទាំង ៤២៤នាក់ ក្នុងម្នាក់ៗទទួលបាន៖ មី ១កេស ត្រីខ ១០កំប៉ុង ស្ករស ២គីឡូក្រាម ទឹកដោះគោខាប់ ៤កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ៥០.០០០រៀល៕