(ភ្នំពេញ)៖ ថ្លែងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្មករនិយោជិត ជាង១ម៉ឺននាក់ នៅសួនឧស្សាហកម្មវឌ្ឍនៈ១ ស្ថិតនៅតាមផ្លូវវេងស្រេង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងពីការឈឺចាប់ក្នុងនាម ជាជនជាតិខ្មែរតែមួយថា សហរដ្ឋអាមេរិកបានបញ្ជូនប្រជាពលរដ្ឋខ្មែរសញ្ជាតិអាមេរិក ឲ្យត្រឡប់មកមាតុភូមិវិញ ទាំងការបែកបាក់ព្រាត់ប្រាសក្រុមគ្រួសាររបស់ខ្លួន ដែលទាំងនេះបង្ហាញថា អាមេរិកជាប្រទេសមហាអំណាចដែលគ្មានគុណធម៌ គ្មានមនុស្សធម៌ និងគ្មានមេត្តាធម៌ ចំពោះប្រជាពលរដ្ឋខ្មែរទាំងនោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា ចំណាត់ការរបស់សហរដ្ឋអាមេរិក ចំពោះប្រជាពលរដ្ឋកម្ពុជាបែបនេះ ជាសោកនាដកម្មលើសោកនាដកម្ម ដែលជះលើប្រជាពលរដ្ឋកម្ពុជា។ ក្នុងនាមប្រមុខរាជរដ្ឋាភិបាកម្ពុជា សម្ដេចតេជោមានការឈឺចាប់យ៉ាងខ្លាំង នៅពេលដែលឃើញប្រជាពលរដ្ឋរបស់ខ្លួន ត្រូវគេបំបែកបំបាក់ឪពុកកូន ប្ដីប្រពន្ធ ក្រុមគ្រួសារបែបនេះ។
សម្ដេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា ការបំបែកឪពុក និងកូន ប្ដី និងប្រពន្ធបែបនេះ ជាទង្វើអគុណធម៌ខ្លាំងណាស់។ ក្នុងពេលដែលគេនិយាយអំពីសីលធម៌ និយាយពីសិទ្ធិមនុស្សកោកៗ យើងមិននឹកស្មានថា សហរដ្ឋអាមេរិកគ្មានគុណធម៌ គ្មានមនុស្សធម៌បែបនេះទេ តើសិទ្ធិនៅត្រង់ណាទៅ នៅពេលដែលគេបំបែកបំបាក់ក្រុមគ្រួសារប្រជាពលរដ្ឋខ្មែររបស់យើងបែបនេះ។
សម្ដេចតេជោបានរំឭកថា កន្លងមក កម្ពុជា-អាមេរិក បានចុះកិច្ចព្រមព្រៀងផ្ដល់ទិដ្ឋាការដល់ប្រជាពលរដ្ឋខ្មែរ ហើយថ្មីៗនេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានពិភាក្សាជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើបញ្ហនៃកិច្ចព្រមព្រៀងខាងលើនេះ ប៉ុន្តែកម្ពុជាមិនមែនបញ្ចប់កិច្ចព្រមព្រៀងនោះទេ កម្ពុជាគ្រាន់តែស្នើសុំឲ្យមានការពិគ្រោះយោបល់ ដើម្បីឈានទៅការធ្វើវិសោធនកម្មលើមាត្រាមួយចំនួនប៉ុណ្ណោះ។
សម្ដេចតេជោបានបន្ថែមថា ក្នុងពេលជាមួយគ្នានោះ ក្រសួងមហាផ្ទៃក៏បានត្រៀមបញ្ជូនប្រជាពលរដ្ឋចំនួន២៦នាក់ ទៅធ្វើកិច្ចសម្ភាសន៍ផងដែរ ប៉ុន្តែបែរជារដ្ឋាភិបាលអាមេរិកប្រាប់មកកម្ពុជាវិញថា គេឈប់ផ្ដល់ទិដ្ឋការសម្រាប់មន្រ្តីក្រសួងការបរទេសកម្ពុជាតទៅទៀតហើយដោយអាមេរិកបានលុបចោល នូវកិច្ចព្រមព្រៀងនេះជាឯកតោភាគី។ ជាការឆ្លើយតប កម្ពុជាបានប្រាប់ទៅសហរដ្ឋអាមេរិកវិញដែរថា កិច្ចសហប្រតិបត្តិការរុករកឆ្អឹងទាហានអាមេរិកដែលស្លាប់នៅកម្ពុជា ជាង៨០នាក់នោះ នឹងត្រូវផ្អាកជាបណ្ដោះអាសន្នដែរ។
សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ថ្មីៗនេះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ បានប្រកាសថា ខ្លួននឹងផ្អាកលែងចេញទិដ្ឋាការប្រភេទ B1 ប្រភេទ B2 និងប្រភេទ B1/B2 ដល់មន្ត្រីនៃក្រសួងការបរទេសកម្ពុជា ដែលមានតួនាទីចាប់ពីថ្នាក់អគ្គនាយក រហូតដល់ថ្នាក់ដឹកនាំកំពូលនៃក្រសួងនេះ និងសមាជិកក្រុមគ្រួសាររបស់ពួកគេ ដោយមានករណីលើកលែងតិចតួចប៉ុណ្ណោះ។
លុះដល់ព្រលប់ថ្ងៃទី១៤ ខែកញ្ញា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដាច់ណាត់វិញថា កម្ពុជាក៏ផ្អាកកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក លើការស្វែងរកឆ្អឹងខ្មោចទាហានអាមេរិកនៅទឹកដីកម្ពុជាវិញដែរ៕