(ព្រះវិហារ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងលោកស្រី ជា ស៊ីណា បានដឹកនាំប្រតិភូសាលាខណ្ឌទាំង១២ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ បន្ដបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាច្រើនលានរៀលទៅចែកជូនមន្រ្តីយោធា ដែលកំពុងឈរជើងការពារទឹកដី នៅតំបន់សមរភូមិប្រាសាទព្រះវិហារ ដែលមានកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ និងវរៈនគរបាលការពារព្រំដែន ដែលបានចងសម្ព័ន្ធភាពរវាងសមរភូមិជួរមុខ និងសមរភូមិខាងក្រោយ។
ពិធីចែកជូនមន្រ្តីនាយទាហាន ពលទាហាន បានធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ស្ថិតនៅតំបន់អូរជុញ ភូមិសែនរុងរឿង ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការទទួលស្វាគមន៍គណៈប្រតិភូ ពីសំណាក់ លោកឧត្តមសេនីយ៍ ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងមន្រ្តីយោធាជាន់ខ្ពស់ ជាច្រើនរូបផ្សេងទៀត។
លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានប្តេជ្ញាកម្ទេចចោលរាល់ជនបរទេស និងជនទាំងឡាយណា ដែលប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ពិសេសបដិវត្តន៍ពណ៌នៅកម្ពុជា។
នៅចំពោះមុខនាយទាហាន ពលទាហាន លោក ឃួង ស្រេង បានថ្លែងថា កម្ពុជាបានប្រែក្លាយតំបន់សមរភូមិមុខ ក្លាយជាតំបន់អភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយសម្តេចក៏បានណែនាំឲ្យមានការចុះអនុស្សារណៈ រវាងសមរភូមិជួរមុខ និងសមរភូមិជួរក្រោយ ដើម្បីបង្កើនកិច្ចសហការ និងចំណងមិត្តភាពកាន់តែខ្លាំងឡើង៕