(កំពង់ឆ្នាំង)៖ មេបញ្ជាការ មេបញ្ជាការរង និងកងទ័ពខ្ទង់ពាន់នាក់ នៅកងពលតូចអន្តរាគមន៍លេខ១ ដែលមានបន្ទាយនៅតំបន់លង្វែក ខេត្តកំពង់ឆ្នាំង បានប្រកាសគាំទ្រពេញ ទំហឹង និងអនុវត្តន៍ពេញទំហឹងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការកម្ចាត់បរទេសទាំងឡាយ ដែលប៉ុនប៉ងឈ្លានពានប្រទេសកម្ពុជា។ ក្រុមកងទ័ពទាំងអស់ ក៏បានប្តេជ្ញាកម្ទេចរាល់ជនទាំងឡាយ ដែលប៉ុនប៉ងធ្វើបដិវត្តន៍ពណ៍ផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍របស់លោកឧត្តមសេនីយ៍ឯក ព្រំ ផេង មេបញ្ជាការកងពលតូចអន្ដរាគមន៍លេខ១ ដែលតំណាងឲ្យទាហានខ្ទង់ពាន់នាក់ ដែល Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នាជាកងទ័ព ដែលកតព្វកិច្ចការពារបូរណភាពទឹកដី សូមគាំទ្រទាំងស្រុងប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាមេដឹកនាំដែលបានស្រោចស្រង់ប្រទេសកម្ពុជា ចេញពីភ្លើងសង្រ្គាម ដោយត្រូវរួបរួមគ្នាជាធ្លុង ដើម្បីកម្ចាត់ពួកបរទេសឈ្លានពាន»។
ក្នុងសេចក្តីថ្លែងការណ៍បន្តថា «ពួកយើងខ្ញុំនឹងលើកកម្ពស់ស្មារតីជាតិនិយម សូមប្តេជ្ញាដាច់ខាតកម្ទេចចោលរាល់ការព្យាយាមផ្តួលរំលំកម្ពុជាតាមបដិវត្ដន៍ពណ៌ មិនអនុញ្ញាតឲ្យបរទេសណារំលោភលើអធិបតេយ្យភាពនៃប្រទេសកម្ពុជាបានឡើយ ទោះជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ»។
សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅសួនឧស្សាហកម្មវឌ្ឍនៈទី១ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា នេះ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវរួបរួមគ្នាស្រឡាញ់ជាតិ ស្រឡាញ់មាតុភូមិ ហើយត្រូវប្រឆាំងដាច់ខាត រាល់បរទេសទាំងឡាយដែលឈ្លានពាន ដែនអធិបតេយ្យរបស់កម្ពុជា៕