(បន្ទាយមានជ័យ)៖ ក្រោយបញ្ចប់ពិធីរាប់បាត្រនៅវត្តនិមិត្តសុធីរាម នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បន្តចុះសួរសុខទុក្ខ និងផ្តល់ជំនួយឧបត្ថម្ភ ដល់ប្រជាពលរដ្ឋរងគ្រោះដោយសារ ខ្យល់កន្រ្តាក់រលំដើមឈើសង្កត់លើ នៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យសិរីសោភ័ណ្ឌ២នាក់ និងមន្ទីរពេទ្យមង្គលបូរីម្នាក់។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានសំណេះសំណាលផ្តល់កម្លាំងចិត្តដល់ជនរងគ្រោះ និងប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលទាំងអស់ ឲ្យឆាប់ជាសះស្បើយ បានត្រឡប់ទៅគេហដ្ឋានវិញ ដើម្បីប្រកបរបររកទទួលទានដូចដើមវិញ។
ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បាននាំយកថវិកាឧបត្ថម្ភ និងអំណោយចែក ជូនបុគ្គលិកពេទ្យ គ្រូពេទ្យ និងប្រជាពលរដ្ឋ ដោយក្នុងនោះរួមមាន ទី១៖ជនរងគ្រោះ ក្នុងម្នាក់បានថវិកា៤០ម៉ឺនរៀល សារ៉ុង១, ទី២៖ជូនថវិកាលោកមេឃុំចង្ហា ដែលនៅសម្រាកមន្ទីរពេទ្យ ចំនួន៤០ម៉ឺន និងសារ៉ុង២, ទី៣៖ផ្តល់អំណោយជូនដល់បុគ្គលិកពេទ្យ ក្រុងសិរីសោភ័ណ្ឌ ចំនួន៧០នាក់ ក្នុងម្នាក់ទទួលបានថវិកា៥ម៉ឺនរៀល និងសារ៉ុង១, ទី៤៖ប្រជាពលរដ្ឋថែរអ្នកជំងឺ និងអ្នកឈឺសម្រាកពេទ្យ ក្រុងសិរីសោភ័ណ្ឌ៦៥នាក់ ក្នុងម្នាក់ទទួលបានថវិកា១ម៉ឺនរៀល និងសារ៉ុង១, ទី៥៖បុគ្គលិកមន្ទីរពេទ្យ (កម្ពុជា-ជប៉ុន) ស្រុកមង្គលបូរី ចំនួន១៥២នាក់ ក្នុងម្នាក់ទទួលថវិកា១ម៉ឺនរៀល និងសារ៉ុង១, ទី៦៖ប្រជាពលរដ្ឋសម្រាកមើលថែរអ្នកជំងឺនៅក្នុងពេទ្យ និងអ្នកជំងឺផងដែរ នៅក្នុងមន្ទីរពេទ្យ (កម្ពុជា-ជប៉ុន) ចំនួន២៦០នាក់ ទទួលបានថវិកាក្នុងម្នាក់១ម៉ឺនរៀល និងសារ៉ុង១ផងដែរ៕