(ភ្នំពេញ)៖ បុគ្គលិកមន្ត្រីបម្រើការងារ នៅមន្ទីរពេទ្យកាល់ម៉ែត ក្រោមការដឹកនាំដោយ សាស្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បាននិមន្តព្រះសង្ឃសូត្រមន្ត និងរាប់បាត្រ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជនដែលមានមាតា បីតា ជីជូន ជីតា ញាតិកាលទាំង៧សន្តាន ដែលបានចែកឋាន។
ពិធីនេះបានប្រារព្ធនៅមន្ទីពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវនឹងវេនបិណ្ឌទី១០ ដែលពលរដ្ឋខ្មែរនៅទូទាំងប្រទេស បានប្រារព្ធទាំងអស់គ្នា។
លោកសាស្រ្តាចារ្យ ឈាង រ៉ា ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ បានរាប់បាត្រ និងប្រគេនទេយ្យទាន បច្ច័យមួយចំនួន ដល់ព្រះសង្ឃដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វកាលរីជន មានមាតា បីតា ជីជូន ជីតា ញាតិកាល ទាំង៧សន្តាន ដែលបានបែកកាយរំលាយដ្ឋានទៅកាន់លោកខាងមុខ។
លោកសាស្រ្តាចារ្យ ឈាង រ៉ា បានលើកឡើងដែរថា រដូវបុណ្យភ្ជុំបិណ្ឌរបស់ខ្មែរ ដែលត្រូវបានប្រជាពលរដ្ឋខ្មែរ ថែរក្សាទុកតាំងពីបុរាណកាលមកហើយ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីឧទ្ទិសកុសល ជូនដល់បុព្វរីជន ដែលបានចែកឋាននៅកាន់បរមលោក ទៅហើយដើម្បីទទួលបាន សេចក្តីសុខ សិរីសួស្តី សម្រាប់ការរស់នៅ៕