(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានចង្អុលមុខកូរ៉េខាងជើងថា ការធ្វើតេស្ដមីស៊ីលផ្លោងនៅថ្ងៃសុក្រនេះ អាចនឹងធ្វើឱ្យរាល់កិច្ចសន្ទនាទាំងអស់មិនកើតឡើងបាន ហើយលោកក៏បានព្រមានកម្ទេចទីក្រុងព្យុងយ៉ាង មិនឱ្យងើបមុខរួចផងដែរ បើហ៊ានបង្កការគំរាមកំហែងដល់កូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០១៧។
ការព្រមានបែបនេះរបស់ លោក មូន ជែអ៊ីន ធ្វើឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាងបាញ់សាកល្បងមីស៊ីលផ្លោងរយៈចំងាយមធ្យមមួយគ្រាប់ ហោះរំលងពីលើប្រទេសជប៉ុន មុននឹងធ្លាក់ចូលទៅ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ គ្រាប់មីស៊ីលនេះត្រូវបានបាញ់នៅម៉ោង ៦៖៥៧នាទីព្រឹក ថ្ងៃសុក្រនេះ ចេញពីតំបន់ស៊ូណាន Sunan ក្នុងទីក្រុងព្យុងយ៉ាង ដោយវារត់បានចម្ងាយប្រមាណ ៣,៧០០គីឡូម៉ែត្រ ព្រមទាំងហោះរំលងពីលើដែនអាកាសនៃកោះហុកកៃដូមុននឹងធ្លាក់នៅចម្ងាយប្រហែលជា ២,០១៥ គីឡូម៉ែត្រ ភាគកើតប្រទេសជប៉ុនទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
ភ្លាមៗក្រោយការធ្វើតេស្ដនេះដែរ លោក មូន បានបញ្ជាឱ្យយោធាកូរ៉េខាងត្បូង ដឹកនាំការធ្វើសមយុទ្ធយោធាបាញ់មីស៊ីល ជាសារព្រមានមួយផ្ញើទៅកាន់ លោក គីម ជុងអ៊ុន។ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានលើកឡើងនៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខជាតិយ៉ាងដូច្នេះថា «កិច្ចសន្ទនាមិនអាចកើតឡើងឡើយ នៅក្នុងស្ថានភាពបែបនេះ... ប៉ុន្តែនៅក្នុងករណី កូរ៉េខាងជើងហ៊ានធ្វើសង្រ្គាមប្រឆាំងនឹងពួកយើង ឬក៏សម្ព័ន្ធមិត្តរបស់យើង នោះយើងនឹងកម្ទេចកូរ៉េខាងជើងមិនឱ្យងើបមុខរួច»។
ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកមួយឡើយ ដែលការគំរាមបែបនេះចេញពីមាត់ប្រធានាធិបតីកូរ៉េខាងត្បូង ហើយម្យ៉ាងវិញទៀត កូរ៉េខាងត្បូងទេតើ ដែលតែងតែអំពាវនាវឱ្យកូរ៉េខាងជើងចូលតុចរចា ត្បិតទីក្រុងសេអ៊ូល ដឹងយ៉ាងច្បាស់ថា ការធ្វើសង្រ្គាមជាមួយកូរ៉េខាងជើង នឹងបង្កជាវិនាសកម្មមិនអាចកាត់ថ្លៃបាន៕
http://image.hankookilbo.com/i.aspx?Guid=2af0f32e755844d3800818bae34247be&Month=201707&size=640 http://17909.cdx.c.ooyala.com/liZnJqYzE6CMms0Dg6Ycv377Wi5zbGMf/promo328887664