(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សារវាង លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយលោកស្រី Claire Van der Vaeren អ្នកសម្របសម្រួល នៃអង្គការសហប្រជាជាតិនៅកម្ពុជា និងជាអ្នកសម្របសម្រួល ជាមួយដៃគូអភិវឌ្ឍ និងជាមួយតំណាង ដៃគូអភិវឌ្ឍន៍មួយចំនួនទៀត រួមមាន មកពីតំណាងស្ថានទូត អាល្លឺម៉ង់-ADB និង UNIDO នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដៃគូសន្ទនា បានផ្តោតការយកចិត្តទុកដាក់ ទៅលើយន្តការកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ធ្វើយ៉ាងណា ដើម្បីមានភាពសង្វាក់គ្នា ក្នុងការអនុវត្តគម្រោង អាទិភាពនានាទាក់ទងវិស័យ ឧស្សាហកម្ម និងវិស័យសហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជា។
លោកស្រី Claire Van der Vaeren អ្នកសម្របសម្រួល នៃអង្គការសហប្រជាជាតិ នៅកម្ពុជា បានលើកឡើងពីសារៈសំខាន់ នៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព (SDG) របស់អង្គការសហប្រជាជាតិដល់ឆ្នាំ ២០៣០ ដែលប្រទេសជាសមាជិកទាំងអស់ ត្រូវមានកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តឲ្យបានសម្រេចតាមគោលដៅ ដែលបានកំណត់។ ដោយឡែកកម្ពុជា មានគោលនយោបាយ អភិវឌ្ឍវិស័យឧស្សាហកម្ម (IDP) ដែលជាត្រីវិស័យដ៏សំខាន់ ក្នុងការតម្រង់ទិសការអភិវឌ្ឍន៍ វិស័យឧស្សាហកម្មប្រកប ដោយចិរភាព។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានចាត់ទុក ដៃគូអភិវឌ្ឍមានសារៈសំខាន់ សម្រាប់រួមចំណែកការអភិវឌ្ឍន៍នៅកម្ពុជា។ ជាពិសេស នៅពេលថ្មីៗនេះ កម្ពុជាត្រូវបានអង្គការ UNIDO ជ្រើសរើសជាប្រទេស ចូលក្នុងសមាជិកអនុវត្តកម្មវិធីភាព ជាដៃគូប្រចាំប្រទេស (PCP) ដែលកម្មវិធីនេះ ឆ្លើយតបជាវិជ្ជមានទៅលើ គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មពីឆ្នាំ ២០១៥-២០២៥។
លោកទេសរដ្ឋមន្ត្រី បានបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាល មានក្រុមការងាររវាងរាជរដ្ឋា ភិបាល និងវិស័យឯកជន តាមវិស័យនីមួយៗ ដើម្បីដោះស្រាយបញ្ហាប្រឈម ទាំងឡាយជាមួយវិស័យឯកជន ក៏ប៉ុន្តែក្រុមការងារមិនមាន ដៃគូអភិវឌ្ឍចូលរួមទេ។ ចំណុចនេះ លោកទេសរដ្ឋមន្ត្រី បានផ្តល់សារៈសំខាន់ ទៅលើការចូលរួមរបស់ដៃគូអភិវឌ្ឍ។ ក្នុងនោះការប្រមូលផ្តុំឧស្សាហកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យម ដែលនៅរប៉ាត់រប៉ាយឲ្យចូលក្រោមច្បាប់ តាមរយៈសមាគម សម្ព័ន្ធ ឬសហព័ន្ធ ជាការចាំបាច់ ដើម្បីពង្រឹងវិស័យនេះ ដែលបានដើរតួសំខាន់ក្នុងសរសៃឈាម សេដ្ឋកិច្ចជាតិ។
ជាចុងក្រោយ ដៃគូសន្ទនា បានឯកភាព បង្កើតនូវចំណុចទំនាក់ទំនង រវាងក្រសួង និងដៃគូអភិវឌ្ឍ ដើម្បីពិភាក្សា និងផ្លាស់ប្តូរឯកសារគ្នា ទៅវិញទៅមក ក្នុងគោលដៅជម្រុញប្រសិទ្ធិភាព និងជោគជ័យ លើការងារអនុវត្តគម្រោង៕