(ភ្នំពេញ)៖ កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីចែករង្វាន់ដល់សិស្សានុសិស្សនៃវិទ្យាល័យសិលាវេទី គាត ឈន់ ស្ថិតនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ចំនួនចំនួន ១០១នាក់ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧ និទ្ទេស A ,B ,C ,D និង E ក្នុងសម័យប្រលង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ កន្លងមក។
ក្នុងពិធីនេះ មានវត្តមានលោកស្រី ស៊ុន សាភឿន តំណាងរាស្ត្រមណ្ឌលក្រចេះ, លោក ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងមូលនិធិសិលាវេទី, លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក កែន សម្បត្តិ សមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, លោក សរ ចំរុង អភិបាលនៃគណៈអភិបាលខេត្តក្រចេះ, គណៈអភិបាលខេត្តក្រចេះ, ថ្នាក់ដឹកនាំមន្ទីរនានា, ថ្នាក់ដឹកនាំវិទ្យាល័យសិលាវេទី គាត ឈន់, លោក-លោកស្រីសាស្ត្រាចារ្យ, មាតាបិតាសិស្សានុសិស្ស, សិស្សានុសិស្ស, អាជ្ញាធរមូលដ្ឋាន, កងកម្លាំងប្រដាប់អាវុធសរុប ៤៥០ នាក់។
លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ បានឲ្យដឹងថា ខេត្តក្រចេះ មានមត្តេយសិក្សារដ្ឋចំនួន៧៤កន្លែង សាលាបឋមសិក្សាសរុបចំនួន២៧២កន្លែង អនុវិទ្យាល័យមានចំនួន៤១កន្លែង និងវិទ្យាល័យមាន១០កន្លែង។ ជាមួយគ្នានេះ នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧ ខេត្តក្រចេះមានមណ្ឌលប្រឡងចំនួន៣មណ្ឌល មានបន្ទប់ប្រឡងចំនួន៧០បន្ទប់ មានបេក្ខជនក្នុងបញ្ជីសរុបចំនួន១៧៦៩នាក់ ស្រី៨៧៧នាក់ ក្នុងនោះបេក្ខជនមកប្រឡងចំនួន១៧២០នាក់ ស្រី៨៦០នាក់ ប្រឡងជាប់ចំនួន៧៦៩នាក់ ស្រី៤៤៣នាក់។ ដោយឡែកសិស្សនៅវិទ្យាល័យសិលាវេទី គាត ឈន់ មានបេក្ខជនមកប្រឡងចំនួន២០៩នាក់ ស្រី១១១នាក់ ប្រឡងជាប់ចំនួន១០១នាក់ ស្រី៦០នាក់ និទ្ទេសA ២នាក់ ស្រី១នាក់ និទ្ទេសB១០នាក់ ស្រី៦នាក់ និទ្ទេសC៧នាក់ ស្រី៤នាក់ និទ្ទេសD១៦នាក់ ស្រី១០នាក់ និងនិទ្ទេសE៦៦នាក់ ស្រី៣៩នាក់។
តាងនាមឱ្យគណៈកម្មាធិការគ្រប់គ្រងមូលនិធិសិលាវេទី កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ បានសំដែងនូវក្តីរីករាយ និងអបអរសាទរ ចំពោះលទ្ធផលនៃការប្រឡងរបស់សិស្សានុសិស្សនៃវិទ្យាល័យ សិលាវេទី គាត ឈន់ ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនាពេលថ្មីៗ ហើយបានប្រែក្លាយខ្លួនទៅជាអ្នកដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលជាកិត្តិយសសម្រាប់សិស្សានុសិស្ស និងលោក-លោកស្រីសាស្ត្រាចារ្យនៃវិទ្យាល័យ សិលាវេទី គាត ឈន់។
ជាមួយគ្នានេះ កិត្តិសេដ្ឋាបណ្ឌិត ក៏បានសម្តែងនូវអំណរគុណចំពោះ លោក ឆាន់ សាផាន ដែលបានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីចែករង្វាន់ និងលើកទឹកចិត្តដល់ជ័យលាភីនៅពេលនេះ ដែលមូលនិធិនេះត្រូវបានរួមបង្កើតឡើងដោយ កិត្តិសេដ្ឋាបណ្ឌិតផ្ទាល់ ដែលកាលណោះជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមគំាំទ្ររបស់លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា, លោក ឆាន់ សាផាន ។
វិទ្យាល័យសិលាវេទី គាត ឈន់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ។
ក្នុងឱកាសនេះ កិត្តិសេដ្ឋាបណ្ឌិត បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចំរើន លើគ្រប់វិស័យ ក្នុងនោះនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ អាណត្តិទី៥ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅទៅលើវិស័យអប់រំ និងវិស័យសំខាន់ៗមួយចំនួនទៀត ។
កិត្តិសេដ្ឋាបណ្ឌិត បន្ដថា ការសាងសង់វិទ្យាល័យបាន ដោយសារសុខសន្តិភាព និងការអភិវឌ្ឍន៍ ទាំងលើផ្នែករឹង និងផ្នែកទន់ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាដែលបានសម្រួលដល់ការដឹកជញ្ជូនពីភ្នំពេញមមកដល់ទីនេះ។ សន្តិភាព និងការផ្លាស់ប្តូរជាគុណភាពសម្រាប់កម្ពុជានេះ បានមកដោយសារការដឹកនាំដ៏វៃឈ្លាស ប្រកបដោយគតិបណ្ឌិត និងបញ្ញាញាណរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ និងដឹកនាំអនុវត្តដោយផ្ទាល់ប្រកបដោយជោគជ័យដ៏ត្រចេះត្រចង់ នូវនយោបាយ ឈ្នះ ឈ្នះ នាចុងឆ្នាំ១៩៩៨ ដោយបានកម្ទេចចោលនូវអង្គការចាត់តាំងនយោបាយ និងយោធារបស់កម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍។ មិនតែប៉ុណ្តោះសម្តេចបានសម្រេចនូវមហាជោគជ័យ ដោយធ្វើឲ្យប្រទេសកម្ពុជា ដែលធ្លាប់ជាសមរភូមិប្រយុទ្ធហើយបានខ្ទេចខ្ទាំដោយសារសង្រ្គាម មកជាប្រទេសមានសន្តិភាពពេញលេញ ឯកភាពទឹកដី ឯកភាពជាតិ ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងបន្តរក្សាបានទាំងស្រុងនូវអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។
កិត្តិសេដ្ឋាបណ្ឌិត បានផ្តាំផ្ញើដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧ទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្របន្ថែមទៀត និងត្រូវធ្វើខ្លួនឲ្យទៅជាទំពាំងដ៏ល្អ កុំធ្លាក់ចុះក្នុងអបាយមុខ និងជៀសវាងពីគ្រឿងញៀន បង្ករអស្ថិរភាពក្នុងសង្គមគ្រួសារ និងសង្គមជាតិ ជាហេតុធ្វើឲ្យវិនាសអន្តរាយដល់ខ្លួនឯង និងអ្នកដទៃ ដែលសង្គមជាតិកំពុងស្អប់ខ្ពើមនោះ ត្រូវញ៉ាំងខ្លួនក្មួយៗឲ្យទៅជាឫស្សីដ៏រឹងមាំ ត្រង់ល្អ បរិសុទ្ធ មិងវៀចវេរ ធ្វើឲ្យសង្គមគ្រួសារ និងសង្គមជាតិ ពឹងពាក់បានទៅថ្ងៃអនាគត។
កិត្តិសេដ្ឋាបណ្ឌិត បានសំដែងនូវអំណរសាទរ និងមូលវិចារណ៍ដ៏ថ្លៃថ្លា ដែលសិស្សានុសិស្សនៃវិទ្យាល័យសិលាវេទី គាត ឈន់ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់នៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់លោកលោកស្រីសាស្ត្រាចារ្យ មាតាបិតា និងសិស្សានុសិស្សផ្ទាល់។ កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ក៏បានចែករំលែកបទពិសោធន៍សិក្សា ផ្តាំផ្ញើរដល់សិស្សានុសិស្សថា៖
*ដើម្បីទទួលបានជោគជ័យ សម្រាប់ការសិក្សា សិស្សានុសិស្ស និងនិស្សិតត្រូវចេះផ្សាំខ្លួនទៅនឹងបរិស្ថានដែលខ្លួនរស់នៅ ជាមួយគ្នានេះ ចំពោះសិស្សានុសិស្ស ដែលចូលចិត្តកសិកម្ម កសិ-ឧស្សាហកម្ម សូមបន្តការសិក្សានៅសាកលវិទ្យាល័យក្រចេះ ដើម្បីសិក្សាពីមូលដ្ឋាន ដែលសាកលវិទ្យាល័យក្រចេះក៏មានវិទ្យាស្ថានមច្ឆវិទ្យា ដែលសិក្សាស្រាវជ្រាវអំពីត្រី ហើយបច្ចុប្បន្នកំពុងចរចារជាមួយភាគីចិន ដើម្បីបង្កើតជាធនាគារសែនេទិក សម្រាប់ផ្នែកមច្ឆវិទ្យានេះ។
នៅក្នុងឱកាសនេះ កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ បានអញ្ជើញចែកជូននូវអំណោយអនុស្សាវរីយ៍របស់មូលនិធិសិលាវេទី ជូនដល់លោក-លោកស្រីសាស្ត្រាចារ្យ ចំនួន៤៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០០ដុល្លារអាមេរិក និងព្រមទាំងបានអញ្ជើញចែករង្វាន់ដល់សិស្សានុសិស្សវិទ្យាល័យ សិលាវេទី គាត ឈន់ ចំនួន១០១នាក់ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧ និទ្ទេស A ,B ,C ,D និង E ក្នុងនោះសិស្សប្រឡងជាប់និទ្ទេសA ចំនួន ២នាក់ ក្នុងម្នាក់ៗថវិកា១,០០០ដុល្លារ សិស្សនិទ្ទេស Bចំនួន១០នាក់ ក្នុងម្នាក់ៗថវិកា៥០០ដុល្លារ សិស្សនិទ្ទេសC ចំនួន៧នាក់ ក្នុងម្នាក់ៗថវិកា៣០០ដុល្លារ សិស្សនិទ្ទេសD ចំនួន១៦នាក់ ក្នុងម្នាក់ៗថវិកា២០០ដុល្លារ និងសិស្ស ប្រឡងជាប់និទ្ទេសE ចំនួន៦៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០០ដុល្លារអាមេរិក។ដោយឡែក វិទ្យាល័យ សិលាវេទី គាត ឈន់ និងអនុវិទ្យាល័យទាំង៧ ក្នុងមួយសាលាៗទទួលបានថវិកា២០០ដុល្លា សរុបថវិកា ចំណាយទាំងអស់ មានចំនួន៣ម៉ឺនដុល្លារ៕