(សៀមរាប)៖ ក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សកល បានប្រកាសអំពីការទទួលយកការទូទាត់តាមប័ណ្ណវីសា ចំពោះការទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលជាគោលដៅទេសចរ ពេញនិយមបំផុតរបស់ពិភពលោក ដើម្បីរួមចំណែកជំរុញវិស័យទេសចរណ៍ និងបង្កើនការផ្លាស់ប្តូរ ពីការទូទាត់សាច់ប្រាក់ ទៅជាការទូទាត់តាមបែបអេឡិចត្រូនិក ក្នុងប្រទេសកម្ពុជា។

លោក Sean Preston នាយកគ្រប់គ្រងប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវរបស់ ក្រុមហ៊ុន Visa បានថ្លែងថា៖ «យើងរីករាយ ក្នុងការសហការជាមួយគ្រឹះស្ថានអង្គរ និងធនាគារអេស៊ីលីដា ដែលចេញម៉ាស៊ីនឆូតប័ណ្ណវីសា ដើម្បីចាប់ផ្តើមការទទួលយកការទូទាត់តាមប័ណ្ណវីសា នៅតាមស្តង់លក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលនឹងផ្តល់ជូនភ្ញៀវទេសចរ នូវបទពិសោធន៍នៃការទូទាត់កាន់តែរហ័សជាងមុន»។

លោកបន្ដថា «ប្រាសាទអង្គរវត្តពិតជាស្ថាបត្យកម្មដ៏អស្ចារ្យមួយ នៅក្នុងពិភពលោក ហើយក៏ជាគោលដៅសម្រាប់ភ្ញៀវទេសចរទាំងអស់ ដែលមកកាន់ប្រទេសកម្ពុជា ។យើងខ្ញុំរីករាយ ក្នុងការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងគ្រឹះស្ថានអង្គរ ដើម្បីជំរុងឲ្យទទួលបានកំណើន ភ្ញៀវទេសចរកាន់តែច្រើន មកកាន់ប្រទេសកម្ពុជា ជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាអភិវឌ្ឍ
វិធីទូទាត់ប្រាក់សម្រាប់អតិថិជនក្នុងស្រុក និងភ្ញៀវទេសចរ»។

លោក ឈន សុភាព អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានអង្គរ បានលើកឡើងថា ព្រឹតិ្តការណ៍នៅថ្ងៃនេះ គឺបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ របស់ទេសរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងទេសចរ ក្នុងការដាក់បញ្ចូលអោយមានទំនើបនីយកម្ម ក៏ដូចជាស្វ័យប្រវត្តិកម្ម នៅក្នុងប្រព័ន្ធលក់សំបុត្រ សម្រាប់ចូលទស្សនា នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីអោយមានតម្លាភាព និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងផ្តល់ជូននូវសេវាកម្មកាន់តែប្រសើរទ្បើង សម្រាប់វិស័យទេសចរណ៍។

លោកថ្លែងទៀតថា «ស្របជាមួយនឹងគោលការណ៍ នៃទំនើបនីយកម្មមួយនេះ យើងរីករាយក្នុងសហការជាមួយ ដៃគូររបស់យើងទាំងអស់ ជាពិសេស Visa ដើម្បីផ្តល់ជូនភ្ញៀវទេសចរ ទៅកាន់ប្រាសាទអង្គរវត្ត ឲ្យមានជម្រើស ក្នុងការទូទាត់តាមអេឡិចត្រូនិក នៅក្នុងស្តង់លក់សំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ ។យើងសង្ឃឹមថា ការសហការមួយនេះ នឹងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ នៃការលក់សំបុត្រដែលថ្មី ដោយបង្កើនភាពងាយស្រួល ព្រមទាំងកាត់បន្ថយពេលវេលារង់ចាំ សម្រាប់ភ្ញៀវទេសចររាប់លានអ្នក ដែលនឹងមកទស្សនា នៅក្នុងប្រទេសយើងជារៀងរាល់ឆ្នាំ»។

ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រីកការទូទាត់សាច់ប្រាក់តាមបែបអេឡិច ត្រូនិច នៅទូទាំងប្រទេស ក្រុមហ៊ុន Visa បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ជាមួយគ្រឹះស្ថានអង្គរ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ទៅកាន់ រមណីយដ្ឋានអង្គរ និងប្រទេសកម្ពុជា ហើយក្រុមហ៊ុន Optistech Co., Ltd ជាអ្នកទទួលបន្ទុកដោះស្រាយផ្នែកបច្ចេកវិទ្យា។

ជាផ្នែកមួយនៃកិច្ចព្រមព្រៀង ក្រុមហ៊ុន Visa នឹងផ្តល់ជូននូវការបញ្ចុះតម្លៃចំនួន៣% លើសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលបានទិញដោយប្រើប្រាស់ប័ណ្ណវីសា ចាប់ពីខែតុលា រហូតដល់ចុង ខែវិច្ឆិការ ឆ្នាំ2017។ អតិថិជនដែលមានប័ណ្ណវីសា ក៏នឹងទទួលបាននូវការបញ្ចុះតម្លៃផ្សេងទៀត នៅទីតាំងអាជីវកម្មដៃគូរបស់យើងចំនួន 50កន្លែង សម្រាប់ការទទួលទានអាហារ ការទិញទំនិញ ស្ប៉ា និងតំហែទាំសុខភាព ការស្នាក់នៅទាំងនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។

លោក Preston បានបន្ថែមទៀតថា៖ «ជាផ្នែកមួយនៃគោលបំណងរបស់ Visa គឺយើងខ្ញុំ ចង់ឲ្យអតិថិជនរបស់យើង អាចប្រើប្រាស់ប័ណ្ណវីសា នៅគ្រប់ទីកន្លែងដែលពួកគេចង់ទៅ។ ជាមួយនឹងការប្រកាសនៅថ្ងៃនេះ យើងកំពុងតែខិតជិតមួយជំហ៊ានដើម្បីសម្រេចនូវចក្ខុវិស័យមួយនេះ សម្រាប់ជួយដល់ភ្ញៀវទេសចរ ដែលមកទស្សនាប្រទេសកម្ពុជា»។

សព្វថ្ងៃនេះភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា អាចប្រើប្រាស់ប័ណ្ណវីសារបស់ពួកគេ នៅទីតាំងអាជីវកម្មជិត ៧,០០០កន្លែង និង១,០០០ម៉ាស៊ីន ATM នៅទូទាំងប្រទេស