(ភ្នំពេញ)៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បានរៀបចំពិធីអបអរសាទរ នៃការបើកបណ្តុះបណ្តាល ជំនាញថ្មី «ទំនាក់ទំនងអន្តរជាតិ-International Relations» នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅក្រោមអធិបតីភាពលោកស្រី ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU), លោក អ៊ិន សុផល អនុប្រធាននាយកដ្ឋានអាស៊ីអាគ្នេយ៍ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ម៉ក់ ងយ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សា និងលោក ណាត់តាវុធ ផូទីសារ៉ូ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃ ប្រចាំនៅកម្ពុជា ព្រមទាំងសាស្ត្រាចារ្យ និងសិស្ស-និស្សិតជាច្រើននាក់។
នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកមិញនេះ លោកស្រី ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU) បានគូសបញ្ជាក់ ពីសារៈប្រយោជន៍នៃការសិក្សាជំនាញ «ទំនាក់ទំនងអន្តរជាតិ-International Relations» ដែលត្រូវរៀបចំឡើង ស្របតាមគុណវុឌ្ឍជាតិ ដើម្បីផ្តល់នូវចំណេះដឹង ប្រកបដោយគុណភាព និងគុណធម៌សម្រាប់បំពេញបន្ថែម នូវធនធានមនុស្សដែលកំពុងខ្វះខាត ទាំងស្ថាប័នសាធារណៈ ក៏ដូចជាស្ថាប័ន ឯកជន អង្គការជាតិ និងអន្តរជាតិ។ ជាងនេះទៅទៀត «ទំនាក់ទំនងអន្តរជាតិ-International Relations» និងផ្តោតសំខាន់ទៅលើ ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ, ទំនាក់ទំនងរដ្ឋ និងអង្គការអន្តរជាតិ, ទំនាក់ទំនងរវាងអង្គការអន្តរជាតិ និងអង្គការអន្តរជាតិ។
លោកស្រីបន្ទទៀតថា ក្រោយបញ្ចប់ការសិក្សាលើជំនាញនេះ ចប់ជាស្ថាពរ អ្នកសិក្សា និងទទួលបាននូវការយល់ដឹងយ៉ាងទូលំទូលាយ ពីប្រវត្តិសាស្រ្តពិភពលោក សហស្សសម័យ និង ការអភិវឌ្ឍសង្គម, ការយល់ដឹងពីភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ចនយោបាយ និងច្បាប់អន្តរជាតិ, ចំណេះដឹងកិច្ចការទូត និងការវិភាគកិច្ចការបរទេស និង ជំនាញនៃឥរិយាបថ ក្នុងការប្រាស្រ័យទាក់ទង ទាំងកិច្ចការធុរកិច្ច និងនយោបាយជាដើម។
លោកស្រី ទេព កូលាប បានលើកទឹកចិត្តដល់សិស្សានុសិស្ស ឲ្យចូលសិក្សានៅមុខជំនាញនេះ ព្រោះថា International Relations ឬ ហៅកាត់ថា IR និងផ្តល់ឱកាសដល់អ្នកសិក្សា មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបំពេញកិច្ចការក្នុងស្ថាប័នសាធារណៈ និងឯកជូន ដូចជា កិច្ចការប្រាស្រ័យទាក់ទងសាធារណៈ, អ្នកការទូត, កុងស៊ុល, សេនានុព័ន្ធ (កិច្ចសហប្រត្តិបត្តិការផ្នែកយោធា), អ្នកវិភាគនយោបាយ និងសេដ្ឋកិច្ច, អ្នកជំនាញខាងគោលនយោបាយ, អ្នកជំនាញសារជីវកម្មអន្តរជាតិ, អ្នកជំនាញខាងផ្នែកសិទ្ធមនុស្ស, អ្នកធ្វើកិច្ចការក្នុងសង្គមស៊ីវិល, អ្នកស្រាវជ្រាវ និង គ្រូបង្រៀននៅគ្រឹះស្ថានឧត្តមសិក្សា។
ដោយឡែកលោក អ៊ិន សុផល អនុប្រធាននាយកដ្ឋានអាស៊ីអាគ្នេយ៍ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលលោកជាអ្នកមានបទពិសោធន៍ លើជំនាញការទូត រយៈពេល២៤ឆ្នាំ មកហើយនោះ ក៏បានថ្លែងបញ្ជាក់ឲ្យដឹងថា សិក្សាជំនាញទំនាក់ទំនងអន្តរជាតិ គឺរៀនធ្វើជាមេដឹកនាំជាតិ ឬជាអ្នកនយោបាយដ៏ឆ្នើម ព្រោះមុខវិជ្ជាទំនាក់ទំនងអន្តរជាតិ បានគ្របដណ្ដប់ លើកិច្ចការនយោបាយជាតិ នយោបាយអន្តរជាតិ និងបានគ្របដណ្ដប់លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ជាតិទាំងមូល។ ហេតុនេះហើយ បានជា នៅក្នុងទ្រឹស្ដីទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា «រៀនទំនាក់ទំនងអន្តរជាតិ គឺរៀនចេះដឹងនូវអ្វីៗគ្រប់យ៉ាង»។
លោកបានបន្តទៀតថា ការសិក្សាជំនាញទំនាក់ទំនងអន្តរជាតិ គឺរៀនឲ្យក្លាយជាអ្នកដឹកនាំដ៏ឆ្នើម សម្រាប់កំណត់ជោគវាសនាប្រទេសជាតិ និងប្រជាជនទាំងមូល ព្រោះសង្គ្រាម ឬសន្តិភាព វាស្ថិតនៅលើចុងប៊ិច របស់អ្នកដឹកនាំ។ បច្ចុប្បន្ននៅកម្ពុជា កំពុងតែខ្វះខាតធនធានមនុស្ស ដែលមានចំណេះដឹង ផ្នែកទំនាក់ទំនងអន្តរជាតិនេះ យ៉ាងច្រើន ព្រោះកម្ពុជាបានធ្វើសមាហរណកម្ម ចូលទៅក្នុងសមាគមន៍អន្តរជាតិ ដូចជាកម្ពុជាគឺជាសមាជិក របស់អង្គការសហប្រជាជាតិ កម្ពុជាជាសមាជិកសមាគមអាស៊ាន និងជាសមាជិក អង្គការសុខភាពពិភពលោក (WTO) ជាដើម ហើយក្រៅពីនេះ កម្ពុជាក៏មានទំនាក់ទំនងការទូតទ្វេភាគី ជាមួយប្រទេសជាង១៧០ទៀត នៅលើពិភពលោក ផងដែរ៕