(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល១៤ថ្ងៃដំបូង នៃដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋបានទៅចុះឈ្មោះជាង៩ម៉ឺននាក់ហើយ ខណៈអ្នកដែលត្រូវលុបឈ្មោះ ចេញមានចំនួន៣៣២នាក់។
លោក ហង្ស ពុទ្ធា ថ្លែងបែបនេះ ក្នុងសិក្ខាសាលាសម្រាប់អ្នកសារព័ត៌មានស្ដីពី ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នៅភោជនីយដ្ឋានទន្លេបាសាក់២ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។
លោកបានឲ្យដឹងថា រយៈពេល១៤ថ្ងៃដំបូង នៃដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ដល់ទី១៤ ខែកញ្ញា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរ ៩៤,២១១នាក់ (ស្រីចំនួន ៤៦,៦៣៥នាក់) បានទៅចុះឈ្មោះបោះឆ្នោត។
តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕