(ភ្នំពេញ)៖ សូមអរសាទរ ចំពោះសិស្សសាលាបញ្ញាសាស្រ្ដអន្ដរជាតិចំនួន៩នាក់ ដែលទទួលបាននិទេ្ទស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧។
ការទទួលបាននិទ្ទេស A របស់សិស្សទាំង៩នាក់នេះ បានមកពីការខិតខំប្រឹងប្រែង រៀនសូត្រព្រមជាមួយ ការបណ្ដុះបណ្ដាលដ៏ល្អ ពីសាលាបញ្ញាសាស្រ្ដអន្ដរជាតិផងដែរ។ សិស្សទាំង៩ ដែលទទួលបាននិទ្ទេស A នេះរួមសិស្សស្រីចំនួន៤នាក់ និងសិស្សប្រុសចំនួន៥នាក់។
សូមបញ្ជាក់ថា បេក្ខជនដែលប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ដែលបានធ្វើឡើងកាលពីថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧ មានចំនួន ៦៣,៦៦៨នាក់ ត្រូវជា៦៣.៨៤% នៃបេក្ខជនវត្តមានសរុបចំនួន ៩៩,៧២៨នាក់។ ថ្នាក់វិទ្យាសាស្ត្រ មានបេក្ខជនប្រឡងជាប់ចំនួន ៣៤,២៣៤នាក់ ត្រូវជា ៥៣.៤០% និងថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជនប្រឡងជាប់ចំនួន ២៩,៤៣៤នាក់ ត្រូវជា ៨២.៦២%។
ក្នុងចំណោមសិស្សប្រឡងជាប់ ៦៣,៦៦៨នាក់នោះ មានបេក្ខជនទទួលនិទ្ទេស A៖ ចំនួន៤២៤នាក់, និទ្ទេស B៖ ចំនួន២,៤៦៤នាក់, និទ្ទេស C៖ ចំនួន៥ ០០០នាក់, និទ្ទេស D៖ ចំនួន៩,១២៣នាក់ និងនិទ្ទេស E៖ ចំនួន៤៦,៦៥៧នាក់៕