(ភ្នំពេញ)៖ លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន ​បានដិសេធទាំងស្រុងចំពោះការចោទប្រកាន់របស់វិទ្យុអាស៊ីសេរី និងការសែត Cambodia Daily ថាក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា គាបសង្កត់សិទ្ធិសេរីភាពក្នុងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនក្នុងប្រទេសកម្ពុជា។

លោក អ៊ុក គឹមសេង លើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការចោទប្រកាន់របស់វិទ្យុអាស៊ីសេរី RFA ពាក់ព័ន្ធការបិទការិយាល័យ របស់ខ្លួននៅប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅស្តីការក្រសួងព័ត៌មាន។

លោកបានបញ្ជាក់ថា «ក្នុងនាមក្រសួងព័ត៌មាន ខ្ញុំសូមបដិសេធទាំងស្រុងថា ក្រសួងព័ត៌មាន មិនបានទៅគាបសង្កត់ មិនបានទៅបិទសិទ្ធិសេរីភាពអ្វីទាំងអស់ ចំពោះវិទ្យុអាស៊ីសេរី ក៏ដូចជាបណ្តេញសារព័ត៌មាន ដទៃទៀតផងដែរ។​ នេះជាចំណុចមួយដែលក្រសួងព័ត៌មាន ចង់បញ្ជាក់ប្រាប់សាធារណជន ទាក់ទងនឹងសេចក្តីប្រកាសរបស់វិទ្យុអាស៊ីសេរី»។

លោក អ៊ុក គឹមសេង បានបន្តថា «រឿងមួយទៀតទាក់ទងនឹង កាសែត Cambodia Daily វិញ និយាយជាមួយក្រសួងព័ត៌មាន គឺទាក់ទិននឹងអាជ្ញាប័ណ្ណ ដើម្បីបើកដំណើរការតែរឿងហិរញ្ញាវត្ថុ គឺត្រូវទាក់ទងនឹងសមត្ថកិច្ចពាក់ព័ន្ធ គឺអគ្គនាយកដ្ឋានពន្ធដាររបស់ក្រសួងហិរញ្ញាវត្ថុ ដូចនេះគ្មានអ្វីពាក់ព័ន្ធជាមួយគ្នានោះទេ បើគាត់ទាក់ទងបង់ប្រាក់រួចរាល់ជាមួយអគ្គនាយកដ្ឋានពន្ធដារនោះ Cambodia Daily អាចដំណើរការ បានជាធម្មតាវិញ។ ទោះបី Cambodia Daily ប្រកាសបិទដោយខ្លួនឯង ប៉ុន្តែក្រសួងព័ត៌មានមិនបានបិទកាសែតនេះទេ»។

អ្នកនាំពាក្យបានបញ្ជាក់ទៀតថា វិទ្យុអាស៊ីសេរីគាត់បិទការិយាល័យខ្លួនឯង គាត់បិទប្រតិបត្តិការខ្លួនឯង តែគាត់ស្រែកពីក្រៅប្រទេសថា មានការគាបសង្កត់ ប៉ុន្តែនៅពេលមន្រ្តីរាជរដ្ឋាភិបាល ព្យាយាមពន្យល់អំពីកាតព្វកិច្ចរបស់គាត់ ឲ្យស្របតាមច្បាប់តែគាត់មិនព្រមស្តាប់ហើយកាន់ តែផ្សព្វផ្សាយព័ត៌មានមិនពិតដល់សាធារណជន បន្ថែមទៀត។ ក្រសួងព័ត៌មានមិនបានបិទប្រតិបត្តិការពួកគាត់នោះទេ។ វិទ្យុអាស៊ីសេរី កាសែត Cambodia Daily បាននាំគ្នាបង្អាប់បន្តុះថា កម្ពុជាកំពុងតែបិទសិទ្ធិសេរីភាពសារ ព័ត៌មាន នេះជាប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទាំងនេះវាផ្ទុយនូវអ្វីដែលកម្ពុជាមានសព្វថ្ងៃ។ បច្ចុប្បន្នមិនមែនមានតែកាសែតបរទេស២នេះទេ ដែលប្រតិបត្តិនៅកម្ពុជា គឺមានសារព័ត៌មានធំៗ លើសកលលោកបានដំណើរការរបស់ខ្លួនមានដូចជា៖ កាសែតចិនស៊ិនហួរ Reuter AFP AP CNN និងKyodo ជាដើម៕