(ភ្នំពេញ)៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានបញ្ជាក់ហើយបញ្ជាក់ទៀតថា គ.ជ.ប មិនពាក់ព័ន្ធនឹងបញ្ហានយោបាយឡើយ ព្រោះ គ.ជ.ប អនុវត្តដំណើរការបោះឆ្នោតទៅតាមច្បាប់ចែងជាធរមាន និងទទួលខុសត្រូវរៀបចំការងារបច្ចេកទេសជូនប្រជាពលរដ្ឋអ្នកបោះឆ្នោត ប៉ុន្តែអ្នកសារព័ត៌មានមួយ ចំនួនតូច នៅតែព្យាយាមទាញស្ថានប័នអព្យាក្រិតមួយនេះ ភ្ជាប់ទៅនឹងរឿងនយោបាយ។

លោក ហង្ស ពុទ្ធា ថ្លែងបែបនេះក្នុងសិក្ខាសាលាសម្រាប់អ្នកសារព័ត៌មានស្ដីពី ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នៅភោជនីយដ្ឋានទន្លេបាសាក់២ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។

លោក ពុទ្ធា បានឲ្យដឹងថា គ.ជ.ប រីករាយស្វាគមន៍ និងជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយជាតិ-អន្តរជាតិ ចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយ ពីដំណើរការនានានៃការបោះឆ្នោត ប៉ុន្តែក៏មានសារព័ត៌មានមួយចំនួនតូចនៅតែផ្សព្វផ្សាយខុសពីទិដ្ឋភាពជាក់ស្ដែង ធ្វើឲ្យមហាជនទូទៅមានការភ័ន្តច្រឡំ ដោយពួកគេព្យាយាមទាញ គ.ជ.ប ឲ្យពាក់ព័ន្ធនឹងបញ្ហានយោបាយ។

លោកថ្លែងយ៉ាងដូច្នេះថា «កុំយករឿងនយោបាយយកមកដាក់ជាមួយ គ.ជ.ប គ.ជ.ប ទទួលខុសត្រូវក្នុងរឿងពីរ៖ ទី១.អនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ដែលមាន ច្បាប់មិនមែន គ.ជ.ប ជាអ្នកបង្កើតទេ គឺសភាជាអ្នកអនុម័ត និងទី២.ទទួលខុសត្រូវក្នុងការរៀបចំការងារបច្ចេកទេស បង្កលក្ខណៈបែបណាដើម្បីឲ្យជាពលរដ្ឋបោះឆ្នោតបានទៅតាមច្បាប់ នេះជាអ្វីដែល គ.ជ.ប ទទួលខុសត្រូវ ប៉ុន្តែបើគណបក្សណាឈ្នះ គណបក្សណាចាញ់នោះ គ.ជ.ប មិនទទួលខុសត្រូវនោះទេ»។

លោកបានបញ្ជាក់ថា កន្លងមក គឺអ្នកសារព័ត៌តែម្ដង ដែលតែងតែទាញភ្ជាប់ គ.ជ.ប ទៅនឹងរឿងនយោបាយ ហើយកុំទាញភ្ជាប់តទៅទៀត បញ្ហានយោបាយ និងការងាររបស់ គ.ជ.ប គឺផ្សេងពីគ្នាដាច់ស្រឡះ។

ទោះយ៉ាងណា ស្ថាប័នឯករាជ្យ និងអព្យាក្រិតមួយនេះ បានអំពាវនាវបន្តទៀតឲ្យប្រព័ន្ធផ្សព្វផ្សាយជាតិ-អន្តរជាតិទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយពីដំណើរការបោះឆ្នោត នៅកម្ពុជាឲ្យបានត្រឹមត្រូវ ពិសេសគឺការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នេះតែម្ដង ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងពីព័ត៌មានកាន់តែច្បាស់ និងចូលរួមចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតទាំងអស់គ្នា៕