(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន បានចេញមកព្រមានទុកជាមុន ទៅលើស្ថាប័នវិទ្យុអាស៊ីសេរី បន្ទាប់ពីក្រសួងបានទទួលព័ត៌មាន​មកថា វិទ្យុបរទេស និយាយភាសាខ្មែរ ដែលគាំទ្រដោយអាមេរិកមួយនេះ បានលួចបង្កើតក្រុមការងារ តាមរយៈការជ្រើសរើស បុគ្គលិកបន្ថែមទៀត ហើយឲ្យធ្វើការនៅផ្ទះរៀងៗខ្លួន និងទីកន្លែងដាច់ដោយឡែកពីគ្នា សកម្មភាព របស់វិទ្យុអាសស៊ីសេរី ខាងលើនេះត្រូវបានក្រសួងព័ត៌មានចាត់ទុកថា ដាក់ជាទង្វើខុសច្បាប់ ស្មើទៅនឹងការលួចបថង្កើតក្រុមចារកម្ម ធ្វើការនៅទីងងឹត ដោយមិនសុំសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេស ជាមួយក្រសួងព័ត៌មាន តែម្តង។

ការចេញមកប្រកាសនៃការព្រមានធ្ងន់ៗខាងលើនេះពីសំណាក់ លោក អ៊ុក​ គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ ដើម្បីបកស្រាយ និងប្រតិកម្ម ចំពោះការចោទប្រកាន់ គ្មានមូលដ្ឋានរបស់វិទ្យុអាស៊ីសេរី លើការបិទការិយាល័យរបស់ខ្លួន នៅភ្នំពេញ។

លោក អ៊ុក គឹមសេង បានឆ្លើយតបទៅនឹងការចោទសួរ របស់អ្នកកាសែតថា «វិទ្យុអាស៊ីសេរី បានបញ្ចប់កុងត្រា ជាមួយបុគ្គលិកទាំងអស់ ប្រហែល៤០នាក់ ហើយគាត់បានរើសក្រុមមួយទៀត ធ្វើការក្នុងទីងងឹត នេះជាព័ត៌មានដែលខ្ញុំបានដឹង ដូច្នេះយើងមើលពីបំណងរបស់គាត់ថា បើចុះបើយើងធ្វើព័ត៌មាន យើងនៅទីភ្លឺទាំងអស់គ្នា យើងនិយាយជាមួយគ្នា យើងពិបាកស្តាប់គ្នាផង ចុះទម្រាំគាត់បំបែកខ្លួនទៅធ្វើការ នៅទីងងឹត មានន័យថា គាត់នាំគ្នា ទៅធ្វើការរបៀបចារកម្ម ចឹងនៅទីងងឹត កាន់តែបំភ្លៃបំភ្លើនគ្រប់បែបយ៉ាងទាំងអស់ ដូច្នេះ គាត់ត្រូវតែពិចារណាខ្លួនឯង។ បើគាត់ចង់ធ្វើការ នៅទីងងឹត គាត់ត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់ នៅក្នុងប្រទេសយើង»។

ជាមួយគ្នានេះលោក អ៊ុក គឹមសេង ក្នុងនាមក្រសួងព័ត៌មាន សូមបដិសេធទាំងស្រុងថា ក្រសួងព័ត៌មាន មិនបានទៅគាបសង្កត់ មិនបានទៅបិទសិទ្ធសេរីភាពអ្វីទាំងអស់ ចំពោះវិទ្យុអាស៊ីសេរី ក៏ដូចជាបណ្តេញសារព័ត៌មានដទៃទៀតផងដែរ។​ នេះជាចំណុចមួយដែលក្រសួងព័ត៌មានចងបញ្ជាក់ប្រាប់សាធារណជន ទាក់ទងនឹងសេចក្តីប្រកាសរបស់វិទ្យុអាស៊ីសេរី។

លោកបញ្ជាក់ថា «គាត់បិទការិយាល័យខ្លួនឯង គាត់បិទប្រតិបត្តិការខ្លួនឯង តែគាត់ស្រែកពីក្រៅប្រទេសថា មានការគាបសង្កត់ ប៉ុន្តែនៅពេលមន្រ្តីរាជរដ្ឋាភិបាល ព្យាយាមពន្យល់អំពីកាតព្វកិច្ចរបស់គាត់ឲ្យស្របតាមច្បាប់ តែគាត់មិនព្រមស្តាប់ ហើយកាន់តែផ្សព្វផ្សាយព័ត៌មានមិនពិតដល់ សាធារណជនបន្ថែម ទៀត។ ក្រសួងព័ត៌មានមិនបានបិទប្រតិបត្តិការពួកគាត់នោះទេ»។

សូមបញ្ជាក់ថា វិទ្យុអាស៊ីសេរី បានសម្រេចបិទការិយាល័យរបស់ខ្លួន​នៅក្នុងប្រទេសកម្ពុជាស្ងាត់ៗ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ ហើយបែងចែកឱ្យបុគ្គលិក របស់ខ្លួនទាំងអស់នៅកម្ពុជា ធ្វើការរៀងៗខ្លួន ដោយបញ្ជូនព័ត៌មានផ្ទាល់ទៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ នេះបើតាមលោក រដ្ឋា វិសាល អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ទម្លាយប្រាប់ឲ្យដឹង។

បើតាមលោក រដ្ឋា វិសាល បុគ្គលិកវិទ្យុអាស៊ីសេរីប្រចាំនៅខេត្តរតនគិរី បាននិយាយថា ក្រោយបិទការិយាល័យនេះ​ បុគ្គលិកអាស៊ីសេរីទាំងអស់នៅកម្ពុជា បានបញ្ចប់កិច្ចសន្យាជាបណ្តោះអាសន្ន ហើយនឹងបន្តរៀបចំកុងត្រាថ្មីតាមការស្ម័គចិត្ត នៅពេលក្រោយ ដោយធ្វើការផ្សេងៗគ្នាដើម្បីបញ្ចូនព័ត៌មានទៅទីក្រុងវ៉ាស៊ីនតោន។

លោកបានបន្តថា វិទ្យុអាស៊ីសេរី បានអះអាងថា មូលហេតុដែលបិទការិយាល័យដែលមិនទាន់ចុះបញ្ជី នៅកម្ពុជានេះគឺថ្នាក់ដឹកនាំវិទ្យុអាស៊ីសេរី មិនចង់ឱ្យមានគំនាបតទៅទៀត៕