(ភ្នំពេញ)៖ សំណុំរឿងបោកគ្រាប់បែកដើម្បីសម្លាប់ប្រុសស្នេហ៍ក្បត់ចិត្ត តែបែរជាត្រូវអ្នកដំណើរបណ្តាលឱ្យរបួសធ្ងន់ស្រាល៤នាក់ នៅខណ្ឌចំការមន នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងនេះមកប្រកាសសាលក្រម។ លោក លី សុខលេង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ផ្តន្ទាទោសឈ្មោះ សុខ គឹមលី ភេទស្រី អាយុ៤១ឆ្នាំ ដាក់ពន្ធនាគារអស់មួយជីវិត ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកមុន។
ផ្តន្ទាទោសឈ្មោះ ប៊ុន ភក្តី ភេទប្រុស អាយុ៣២ ឆ្នាំ និងឈ្មោះ សាក់ ម៉ាប់ ភេទប្រុស អាយុ៣៦ឆ្នាំ ដាក់ពន្ធនាគារ អស់មួយជីវិត ពីបទឃាតកម្ម គិតទុកមុន។ ផ្តន្ទាទោសឈ្មោះ ប៊ូ សុភាព ភេទស្រី អាយុ២៥ឆ្នាំ និងឈ្មោះ នូ សំបាន ភេទប្រុស អាយុ៣៣ឆ្នាំ ដាក់ពន្ធនាគារក្នុងម្នាក់ៗ៣០ឆ្នាំ ពីបទសមគំនិតក្នុងអំពើឃាតកម្មគិតទុកមុន។
គួររំលឹកថា កាលពីយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ មានករណីបំផ្ទុះគ្រាប់បែក នៅលើផ្លូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមនបណ្តាលឱ្យ មនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល និងខូចខាតរថយន្ត៤គ្រឿង រួមទាំងទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្បែរនោះផងដែរ។
ក្រោយហេតុការណ៍នេះ សមត្ថកិច្ចបានបើកការស្រាវជ្រាវឈានទៅ ឃាត់ខ្លួនមនុស្សទាំង៥នាក់ជាបន្តបន្ទាប់កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦។
ឈ្មោះ សុខ គឹមលី បានសារភាពថា ខ្លួនបានទូរស័ព្ទហៅ ឈ្មោះប៊ុនភក្តីដែលជាអនុប្រធានសន្តិសុខបុរីចំការមន ឱ្យមកជួបនៅផ្ទះដើម្បីពិភាក្សាគ្នា ឱ្យជួយរកឃាតករសម្លាប់ឈ្មោះ អៀ លីហួរ ដែលត្រូវជាប្តីលួចលាក់ដោយ សារតែប្ដីរូបនេះលួចមានស្រីខាងក្រៅបញ្ឈឺចិត្តហើយបានបោកលុយជាច្រើនទៀត។
ក្រោយមក ប៊ុន ភក្តី បានឱ្យប្រពន្ធឈ្មោះ ប៊ូ សុភាព ទៅទាក់ទងជាមួយ ឈ្មោះ នូ សំបាន ឱ្យរកឃាតករ ហើយឈ្មោះ នូ សំបាន បានណែនាំឱ្យទៅស្គាល់អ្នកស៊ីឈ្នួលឈ្មោះ សាក់ ម៉ាប់ ហៅ។
ក្រោយមក ប៊ុន ភក្តី បានទៅជួប សាក់ ម៉ាប់ នៅស្ថានីយប្រេងឥន្ធនៈកាល់តិចមុខមជ្ឈមណ្ឌលកម្សាន្តរ៉ុក ហើយជួលឈ្មោះ សាក់ ម៉ាប់ ក្នុងតម្លៃ៧ពាន់ដុល្លារ។ រួចឈ្មោះ សាក់ ម៉ាប់ ប្រាប់ថាត្រូវការគ្នាបន្ថែមទៀត ដោយបានទាក់ទងឈ្មោះ មឿន។
ក្រោយមក ប៊ុន ភក្តី បានប្រាប់ទៅស្ត្រីដែលជាអ្នកផ្ដើមគំនិតឃាតកម្មនេះថាគេរកឃាតករបានហើយៗឃាតករក៏បានទារប្រាក់៥ពាន់ដុល្លារដើម្បីទិញម៉ូតូ និងកាំភ្លើង តែឈ្មោះ សុខ គឹមលី ឲ្យតែ៣ពាន់ដុល្លារសម្រាប់ធ្វើសកម្មភាពប៉ុណ្ណោះ ៕