(ភ្នំពេញ)៖ នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការផ្គត់ផ្គង់ទឹកស្អាត ទីប្រជុំជន ក្រោមអធិបតីភាព លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងបើកកិច្ចប្រជុំ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមមេធាវីអ្នករៀបចំច្បាប់ នៃអង្គការ JICA ជប៉ុន និងកម្ពុជា រួមនិងមន្ត្រីជំនាញ ដទៃទៀត ក្នុងការតាក់តែងសេចក្តីព្រាងច្បាប់នេះ មានលក្ខណៈម៉ត់ចត់ ដោយយោងឯកសារជាច្រើន ជាមូលដ្ឋាន ទាំងឯកសារជាតិ និងឯកសារអន្តរជាតិជាដើម។
លោក ឯក សុនចាន់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ កើតឡើងដោយការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែង របស់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ តាមរយៈការស្នើសុំរបស់លោក ក្នុងឱកាសជំនួបជាមួយ ឯកអគ្គរាជទូតជប៉ុន នៅឆ្នាំ២០១៤ កន្លងទៅ ដោយលោកទេសរដ្ឋមន្ត្រី គិតថា ដំណើរការផ្គត់ផ្គង់ទឹកស្អាត នៅកម្ពុជា អនុវត្តបាន ដោយយោងតាមប្រកាសប៉ុណ្ណោះ គឺមិនទាន់មានច្បាប់ ដែលជាមូលដ្ឋានគតិយុត្តរឹងមាំ នៅឡើយ។
លោកបានបន្តថា លក្ខណៈពិសេសនៃសេចក្តីព្រាងច្បាប់នេះ មាន ០៣ ចំណុច គឺ
ទី១-យកភាសារខ្មែរជាគោល រួចទើបបកជាភាសារអង់គ្លេស និងជប៉ុន
ទី២-មានចរិតផ្សារភ្ជាប់រវាងបទពិសោធន៍ នៃមេធាវី ជប៉ុន និងមេធាវីកម្ពុជា
ទី៣-មានការផ្សព្វផ្សាយ ស្ទាបស្ទង់ និងមានកិច្ចប្រជុំ ពីសមាសភាពពាក់ព័ន្ធ និងដៃគូ ជាច្រើនដង គឺប្រមាណ ០៨ ដង រួចមកហើយ។
តាមបទបង្ហាញរបស់ក្រុមមេធាវី តំណាងអ្នករៀបចំច្បាប់កម្ពុជា ដែលបានលើកឡើងពីដំណើរការរៀបចំ និងតាក់តែងសេចក្តីព្រាងច្បាប់ ក៏ដូចជាសេចក្តីសង្ខេបខ្លឹមសារសំខាន់ៗ នៃសេចក្តីព្រាងច្បាប់ដែលមាន១១៣ មាត្រា និង១៣ ជំពូក បានបញ្ជាក់ពីគោលបំណង នៃសេចក្តីព្រៀងច្បាប់នេះថា «ច្បាប់នេះមានគោលបំណងអភិវឌ្ឍ និងគ្រប់គ្រងសេវាផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជន ដែលមានសុវត្ថិភាព គុណភាព ប្រសិទ្ធិភាព និរន្តរភាព និងមានថ្លៃសមស្រប ដើម្បីចូលរួមលើកកំពស់ សុខភាពសាធារណៈ និងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ»។
ជាមួយគ្នានេះ បានរំលេចនូវសំណួរពិភាក្សា មួយចំនួន ដែលដកស្រង់ពីមាត្រា នីមួយៗនៃច្បាប់ រួមមាន តើនិយមន័យរបស់ «អ្នកផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតខ្នាតតូច» ត្រូវកំណត់ត្រឹម ៥០០តំណ ឬយ៉ាងណា? តើគួរបង្កើតមូលនិធិអភិវឌ្ឍវិស័យផ្គត់ផ្គង់ ទឹកស្អាតទីប្រជុំជនដែរឬទេ? តើអាជ្ញាប័ណ្ណត្រូវកំណត់រយៈពេល ២០ ឆ្នាំ ឬផ្សេងពីនេះ? តើការពង្រីកសកម្មភាពអាជីវកម្ម របស់អ្នកទទួលបានអាជ្ញាប័ណ្ណ ក្រៅពីអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត តម្រូវឲ្យមានការទទួលបានការអនុញ្ញាត ឬតម្រូវឲ្យមានការជូនដំណឹង ឬពុំតម្រូវអ្វីទាំងអស់? តើពាក្យស្នើសុំអាជ្ញាប័ណ្ណផ្ទាល់ ត្រូវទទួលបានការយល់ព្រមពីក្រុមប្រឹក្សា ឃុំ សង្កាត់ ដែរឬទេ? តើចាំបាច់ស្នើសុំយល់ព្រមពីស្រុក ខណ្ឌ ទៀតដែរទេ?
តើក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវបង្កើតគណៈកម្មាធិការមួយ ដើម្បីត្រួតពិនិត្យវាយតម្លៃអនុម័ត និងឯកភាពលើពាក្យស្នើសុំដែឬទេ? តើការអនុញ្ញាតលើការបន្ត ត្រូវមានសុពលភាព ២០ឆ្នាំដែរឬទេ? តើត្រូវកំណត់ថា អ្នកទទួលបានអាជ្ញា បណ្ណពីក្រសួងពាក់ព័ន្ធឬទេ? តើគួរតម្រូវឲ្យបង្កើតសមាគមអ្នកផ្តល់សេវា ផ្គត់ផ្គង់ទឹកស្អាត និងកំណត់លើកត្តាអ្វីខ្លះ? តើរាល់អ្នកផ្តល់សេវាផ្គត់ផ្គង់ ទឹកស្អាតទាំងអស់ ដែលកំពុងប្រតិបត្តិការគ្មានអាជ្ញាប័ណ្ណ នៅពេលច្បាប់នេះចាប់ផ្តើមអនុវត្ត ត្រូវដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ អនុលោមតាមច្បាប់នេះ ក្នុងរយៈពេល០៣ ខែ ឬ០៦ ខែ គិតចាប់ពីច្បាប់នេះ ចូលជាធរមាន?