(បន្ទាយមានជ័យ)៖ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានថ្លែងបញ្ជាក់ថា «សន្តិភាព សន្តិភាពនាំមកនូវភាពសុខដុមរម្យនាជួបជុំសម្បូរសប្បាយ គ្មានសន្តិភាព គឺគ្មានភាពសុខដុមរម្យនា គ្មានការជួបជុំមានតែការនិរាសព្រាត់ប្រាស់ និងទឹកភ្នែកដូចនេះសូមបងប្អូនទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីភាពសំបូររុងរឿងទៅមុខ ដើម្បីអនាគតយើងកូនចៅយើង»។
ការលើកឡើងនេះនាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ ខណៈលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអញ្ជើញចូលរួមក្នុងពិធីរាប់បាត្រ ដារឆ្លងកាន់បិណ្ឌវេនទី១០ នៅក្នុងវត្តនិមិត្តសុធីរាម សង្កាត់និម្មិតព្រមទាំងជួបសំណេះសំណាលជាមួយព្រះសង្ឃ ពុទ្ធបរិស័ទ ប្រជាលរដ្ឋចំនួន២០០នាក់ ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងថាប្រពៃណីរបស់ខ្មែរ ដែលត្រូវបានប្រជាពលរដ្ឋខ្មែរ ថែរក្សាទុកតាំងពីបុរាណកាលមកហើយពិធីបុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីឧទ្ទិសកុសល ជូនដល់បុព្វរីជន បុព្វបុរសខ្មែរយុទ្ធជន យុទ្ធនារី ពលីក្នុងបុព្វហេតុជាតិមាតុភូមិដែលបានចែកឋាន នៅកាន់បរលោកទៅហើយ ដើម្បីទទួលបានសេចក្តីសុខ សិរីសួស្តី សម្រាប់ការរស់នៅ។
ជាមួយនឹងការធ្វើបុណ្យប្រពៃណីនេះ ក៏ជាការបង្ហាញអំពីការរីកចម្រើន របស់ប្រទេសជាតិ ទាំងលើវិស័យពុទ្ធចក្រ និងអាណាចក្រ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោមរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេសជាតិមានសុខសន្តិភាពមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យបានផ្តល់ជូនប្រជាលរដ្ឋនូវជីវភាពបានល្អប្រសើរឡើង កូនចៅមានឱកាសរៀនសូត្រជាមួយនឹងសាលារៀនមានគ្រប់កំរិតគ្រប់ទីកន្លែង ពេលរៀនចប់គឺមានការងារធ្វើតាមរយនយោបាយការទូតបើកចំហរជើងមេឃទាក់ទាញអ្នកវិនិយោគមកបោះទុនរកស៊ីក្នុងប្រទេសយើងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋនិងកូនចៅ ព្រំដែនមានសន្តិភាពផ្តល់ឱកាសប្រជាពលរដ្ឋអាចទំនាក់ទំនងដោះដូរទំនិញបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ហើយពួកយើងបានមកអង្គុយជុំគ្នាធ្វើបុណ្យជាមួយគ្នាប្រកបដោយភាពសប្បាយរីករាយមិនការខ្វល់ខ្វាយព្រួយបារម្ភពីជីវភាពឡើយ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្ថែមថា ទាំងអស់ខាងលើជាអំណោយពីសន្តិភាព សន្តិភាពនាំមកនូវភាពសុខដុមរម្យនាជួបជុំសម្បូរសប្បាយ គ្មានសន្តិភាពគឺគ្មានភាពសុខដុមរម្យនាគ្មានការជួបជុំមានតែការនិរាសព្រាត់ប្រាសនិងទឹកភ្នែក ដូចនេះសូមបងប្អូនទាំងអស់បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីភាពសំបូររុងរឿងទៅមុខដើម្បីអនាគតយើងកូនចៅយើង។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ានបានពាំនាំនូវការសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសំណាក់សម្តេចដែលជាថ្នាក់ដឹកនាំនៃគណបក្សប្រជាជនទាំងអស់ដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្ស និស្សិតប្រជាពលរដ្ឋទាំងអស់នៅខេត្តបន្ទាយមានជ័យ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ និងបានសំណូមពរឱ្យអ្នកបោះឆ្នោតទាំងអស់ បន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជននៅឆ្នាំ២០១៨ខាងមុខ។
ជាវប្បធម៌ចែករំលែក នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានជូននូវអំណោយជាទ្រនាប់ដៃដល់ ប្រជាពលរដ្ឋ និងពុទ្ធបរិសទ័ ព្រមទាំងនាំយកនូវទាយ្យទានប្រគេន បច្ច័យជូនវត្ត មាន៖
១៖ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ចំណុះជើងវត្ត ចូលរួមប្រមាណជាង២០០នាក់ ក្នុងម្នាក់ទទួលបានសារ៉ុង១, ២-ថវិកាបច្ច័យបិណ្ឌទី១០ ចំនួនមាន២០០ដុល្លារ ៩០០បាត្រ(លុយខ្មែរ សរុបចំនួន១៣១៥០០០០រៀល), ៣-អង្ករ២០០គីឡូក្រាម,៤-ទឹកសុទ្ធ១០កេស,៥-ទឹកស៊ីវអ៊ីវ១០យួរ, ៦-ទឹកត្រី១០យួរ,៧-ទឹកក្រូច៥កេស, ៨-ទឹកផ្លែឈើ៥កេស, ៩-មី១០កេសតូច,១០-ប្រគេនស៊ីម៉ង់ត៍ចំនួន១០តោន, ១១-កុមារា និងកុមារីទទួលបានថវិកាម្នាក់ៗចំនួន២០០០រៀល។ ដោយឡែកនៅក្រុងសិរិសោភ័ណ ១២លោកបានចុះសួរសុខទុក្ខ និងផ្តល់ជំនួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់រលំផ្ទះសង្កត់លើនៅសង្កាត់ព្រះពន្លាចំនួន៣នាក់ដែលបាន និងកំពុងសម្រាកនៅមន្ទីរពេទ្យផងដែរ៕