(ភ្នំពេញ)៖ ដើម្បីរួមគ្នារក្សាអនាម័យដល់សិស្សសាលា បង្ការការជៀសផុតពីជំងឺឆ្លងនានា ក្រុមហ៊ុនផលិតសាប៊ូចំនួនពីរ រួមមានក្រុមហ៊ុន Cow Brand និងក្រុមហ៊ុន NAKAMURA បានរួមគ្នាចំណាយថវិកាប្រមាណ៨ម៉ឺនដុល្លារ ផលិតសាប៊ូ និងនាំមកចែកចាយដោយឥតគិតថ្លៃ ដល់សិស្សសាលាប៊ែលធីចំនួន ១៨សាខា ដោយមានសិស្សសរុបចំនួន៣៥០០០នាក់។
ការចែកចាយសាប៊ូដោយឥតគិតថ្លៃនេះ ធ្វើឡើងដើម្បីពង្រឹងដល់សិស្សានុសិស្សទាំងអស់ឲ្យចេះរក្សាអនាម័យ លាងសំអាតដៃមុនពេលបរិភោគអាហារ ក្រោយពេលបន្ទោបង់ជាដើម ដោយក្នុងនោះក៏មានការ ការបង្ហាញពីរបៀបលាងសំអាតដៃពីអ្នកគ្រូ លោកគ្រូ មកពីប្រទេសជប៉ុន ដើម្បីឲ្យកាន់តែយល់ច្បាស់បន្ថែមទៀតពីការរក្សាអនាម័យសុខភាព។
លោក លី ឆេង អគ្គនាយកប្រចាំសាលាប៊ែលធី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនសាប៊ូទាំងពីរ ដែលបានចែកចាយសាប៊ូរក្សាអនាម័យដ ល់សិស្សានុសិស្សប្រចាំសាលាប៊ែលធីដោយឥតគិតថ្លៃ និងណែនាំសិស្សទាំងអស់ឲ្យចេះរក្សាអនាម័យដល់ខ្លួនឯង។
លើសពីនេះទៅទៀត ដើម្បីអបអរបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក្រុមហ៊ុន Cow Brand និងក្រុមហ៊ុន NAKAMURA ក៏បានផ្ដល់ជូនសាប៊ូដល់សិស្សទាំងអស់ ប្រើប្រាស់ក្នុងគ្រួសារ ឬជូនឪពុក ម្ដាយ ជាពិសេសបានប្រើប្រាស់ក្នុងពេលទៅលេងស្រុកកំណើតផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Cow Brand និងក្រុមហ៊ុន NAKAMURA បាននាំចូលផ្សាច់មុខ និងចែកចាយសាប៊ូ ម៉ាក Cow Brand សញ្ញារូបគោអស់រយៈពេល៩ឆ្នាំមកហើយនៅក្នុងប្រទេសកម្ពុជា៕