(កំពត)៖ បុរសល្មោភកាមសូម្បីកូនបង្កើតខ្លួនឯង ក៏ដាច់ចិត្តរំលោភដែររហូតបានសម្រេច។ តែក្រោយបែកការណ៍ប្រពន្ធជនល្មើស ត្រូវជាម្តាយជនរងគ្រោះបង្កើត បានទៅប្តឹងនគរបាលប៉ុស្តិ៍មូលដ្ឋាន រហូតអធិការនគរបាលស្រុកជុំគិរី ដឹកនាំកម្លាំងចុះទៅឃាត់ខ្លួនជនល្មើសបាន នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ចំណុចផ្ទះជនល្មើស ស្ថិតក្នុងភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។

សមត្ថកិច្ចនគរបាលជំនាញស្រុកជុំគិរី បានឲ្យដឹងថា នៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៤ ខែកញ្ញា ២០១៧ អធិការនគរបាលស្រុកជុំគីរី បានទទួលបណ្តឹងពីឈ្មោះ យាំង សុគា ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើថា ប្តីរបស់ខ្លួនជាជនល្មើសឈ្មោះ កេង វៃ អាយុ៣៨ឆ្នាំ រស់នៅជាមួយគ្នា ចាប់កូនស្រីបង្កើតខ្លួនឯង រំលោភ រហូតបានសំរេចចំនួន១ដង ដែលកើតឡើងនៅវេលាម៉ោង៥ជិតភ្លឺ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្ទះ ភូមិឃុំខាងលើ ពេលដែលគាត់ជាប្រពន្ធមិននៅផ្ទះ។

ក្រោយទទួលបណ្តឹង លោកអធិការនគរបាលស្រុកជុំគីរី ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការ ម៉ៅ ច័ន្ទមធុរិទ្ធ បានដឹកនាំមន្ត្រីនគរបាលជំនាញក្រោមឱវាទរបស់ខ្លួន ចុះដល់កន្លែងកើកហេតុ ហើយហៅក្មេងស្រីរងគ្រោះ ឈ្មោះ អាន រំដួល អាយុ១១ឆ្នាំ មកសាក្សសួរ ក្មេងស្រីរងគ្រោះរូបនេះ បានបញ្ជាក់ថា ឪពុកខ្លួនពិតជាបានចាប់រំលោភមែន។

តាមរយៈនេះ លោកអធិការនគរបាលស្រុកជុំគីរី ក៏បានឃាត់ខ្លួនជនល្មើស ឈ្មោះ កេង វៃ នៅរសៀលនេះ នៃថ្ងៃដដែល នាំមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកជុំគិរី។ ក្រោយសាកសួរ ជនល្មើសបានសារភាពថា ខ្លួនគេពិតជាបានរំលោភកូនរបស់ខ្លួនពិតមែន។

បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបញ្ជូនខ្លួនបន្តទៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់់៕