(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ដល់កម្មករ កម្មការិនីប្រមាណជាង១ម៉ឺននាក់ នៅសួនឧស្សាហកម្មសួនវឌ្ឍនៈ១ ស្ថិតនៅផ្លូវវេងស្រេង រាជធានីភ្នំពេញ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចនឹងបន្តធ្វើជានាយករដ្ឋមន្រ្តី មិនតិចជាង១០ឆ្នាំទៀតនោះទេ ហើយអំពាវនាឱ្យកម្មករ កម្មករិនី និងប្រជាពលរដ្ឋទាំងអស់ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យសម្តេចបានដឹកនាំប្រទេសបន្តទៀត។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្លាំងពលកម្មរបស់កម្មករ និងពលរដ្ឋខ្មែរ បានជំរុញកំណើតសេដ្ឋកិច្ចរៀងរាល់ឆ្នាំ ក្នុងរង្វង់៧ភាគរយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រាក់ឈ្នួលកម្ពុជា បានកើនឡើងខ្ពស់ជាងប្រទេសផ្សេងៗទៀត ដូចជាប្រទេសបង់ក្លាដេស មីយ៉ាន់ម៉ា ឡាវ ប្រទេសឥណ្ឌា តំបន់ខ្លះនៅឥណ្ឌនេស៊ី ចិន ប៉ាគីស្ថាន រួមទាំងប្រទេសមួយចំនួនទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកួតប្រជែងប្រាក់ឈ្នួល នៅបណ្តាប្រទេសផ្សេងៗនេះ បានធ្វើឱ្យក្រុមអ្នកវិនិយោគ ងាយនឹងផ្លាស់ប្តូរទីតាំងរោងចក្ររបស់ពួកគេណាស់។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការផ្គត់ផ្គង់អគ្គិសនីដែលជួលឱ្យកម្មករស្នាក់នៅ ដែលមុននេះកំណត់ដោយម្ចាស់ផ្ទះ។ ម្ចាស់ផ្ទះគិតថ្លៃអគ្គិសនីពីរដ្ឋទាប ប៉ុន្តែលក់ឱ្យកម្មករថ្លៃ ប៉ុន្តែឥឡូវរដ្ឋបានចុះតបណ្តាញទឹកដល់បន្ទប់ជួលរបស់កម្មករ ហើយលក់តម្លៃអគ្គិសនីដល់កម្មករក្នុងតម្លៃទាប។

* សម្តេចតេជោ ហ៊ុន សែន រិះគន់បក្សប្រឆាំងថា ចេះតែធ្វើបាតុកម្ម ហើយកន្លងទៅបែរជាទៅបញ្ចុះបញ្ចូល កម្មករឱ្យធ្វើបាតុកម្មប្រឆាំងនឹងម្ចាស់ផ្ទះ។

* សម្តេចតេជោ ហ៊ុន សែន៖ យើងត្រូវតែធានាឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេស។ ប្រទេសដែលអភិវឌ្ឍ គឺជាប្រទេសមានសន្តិភាព។ គ្មានអ្នកណាគេទៅតាំងរោងចក្រនៅប្រទេសមានសង្រ្គាមទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីធានានូវកិច្ចអភិវឌ្ឍត្រូវតែធានាដល់សន្តិភាព។ ចំណុចនេះ មានតែគណបក្សប្រជាជនកម្ពុជា១ប៉ុណ្ណោះ ដែលគ្រប់គ្រងស្ថានការណ៍បាន គណបក្សដទៃមិនសមត្ថភាពគ្រប់គ្រងស្ថានការណ៍ទេ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា គ្រប់រោងចក្រទាំងអស់​ត្រូវរួមគ្នាការពារសន្តិភាព។ ក្មួយមិនត្រូវឱ្យមានបញ្ហាច្របូកច្របល់ដូចឆ្នាំ២០១៣ កើតឡើងម្តងទៀតទេ។

* សម្តេចនាយករដ្ឋមន្រ្តី ថ្លែងថា អ្នកចែកនំប៉័ងសម្រាប់បាតុកម្មនៅឆ្នាំ២០១៣ ពេលនេះរត់ទៅដល់អាមេរិកហើយ បន្ទាប់ពីឆ្លងកាត់កាណាដាដោយមិនស្របច្បាប់។

* សម្តេចតេជោ ហ៊ុន សែន បានស្នើសុំដល់ម្ចាស់រោងចក្រ អនុញ្ញាតឲ្យកម្មការិនីមានផ្ទៃពោះ បានចេញពីធ្វើការមុន១៥នាទី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារជាថ្មីថា ចាប់ពីខែមករា ឆ្នាំ២០១៨តទៅ សម្រាប់ប្រាក់ធានារ៉ាប់រងគ្រោះថ្នាក់ការងារ ដែលកាលពីមុន កម្មករនិងថៅកែ ចេញពាក់កណ្តាលម្នាក់នោះ នឹងត្រូវកំណត់ឱ្យនិយោជកបង់ទាំងអស់ ហើយកម្មករមិនបង់ទេ។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងសារជាថ្មីថា កម្មការិនីម្នាក់សម្រាលកូន១ នឹងទទួលបាន៤០ម៉ឺន បើកើតមកបានកូនភ្លោះ នឹងទទួលបាន៨០ម៉ឺនរៀល ហើយបើកូនភ្លោះ៣ នឹងទទួលបាន១២០ម៉ឺនរៀល បូករួមទាំងថវិកាឧបត្ថម្ភរបស់សម្តេច។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ស្រ្តីដែលឆ្លងទន្លេទោះជាកូនគង់ មិនគង់ក៏ដោយ ក៏ត្រូវទទួលបានប្រាក់ឧបត្ថម្ភដូចគ្នា។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីម្តងទៀតថា កម្មករទាំងអស់ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ អាចធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ ដោយមិនឱ្យបង់ថ្លៃឱ្យតែមានកាត ហើយយន្តការនេះ មានយ៉ាងតិច២ឆ្នាំ រាជរដ្ឋាភិបាលពិចារណាបន្តទៀត។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសខ្លាំងៗដោយចោទសួរឯកអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជាថា តើការនិយាយរបស់លោក កឹម សុខា អំពីផែនការរៀបចំធ្វើបដិវត្តពណ៌ ពិត ឬមិនពិត ? សម្តេចស្នើឲ្យឯកអគ្គរដ្ឋទូតចេញមុខមកពន្យល់ដល់ប្រជាពលរដ្ឋកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យឯកអគ្គរដ្ឋទូតអាមេរិក ចេញមុខមកភ្លាមដើម្បីពន្យល់រឿងលោក កឹម សុខា និយាយអំពីការធ្វើបដិវត្តពណ៌។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវរួបរួមគ្នាជាជាតិនិយមកំចាត់ពួកបរទេសឈ្លានពាន ដើម្បីឯករាជ្យ សេរីភាព និងអធិបតេយ្យភាពរបស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាមេរិកជាប្រទេសគ្មានគុណធម៌ និងគ្មានមនុស្សធម៌ ចំពោះការបញ្ជូនពលរដ្ឋខ្មែរសញ្ជាតិអាមេរិក មកកាន់កម្ពុជាវិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាមេរិកជាប្រទេសគ្មានគុណធម៌ គ្មានមនុស្សធម៌ និងគ្មានមេត្តាធ​ម៌ ចំពោះការបញ្ជូនពលរដ្ឋខ្មែរសញ្ជាតិអាមេរិក មកកាន់កម្ពុជាវិញដោយបំបែកបំបាក់ក្រុមគ្រួសាររបស់គេ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីម្តងទៀតថា ដោយផ្តាំទៅកាន់ឯកអគ្គរដ្ឋទូតអាមេរិក កុំមកចង់ធ្វើជាម៉ែ-ជាឪកម្ពុជាឡើយ។ 

* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបញ្ជាឲ្យកម្លាំងសមត្ថកិច្ចរបស់កម្ពុជា បើកការស្រាវជ្រាវលើជនជាតិអាមេរិកទាំងឡាយនៅកម្ពុជា ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការធ្វើចារកម្មនៅកម្ពុជា មុននឹងក្រោយឆ្នាំ២០១៣។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កិច្ចព្រមព្រៀង រុករកឆ្អឹងខ្មោចទាហានអាមេរិកនៅកម្ពុជា មិនបានលុបចោលទេ គ្រាន់តែផ្អាកតែប៉ុណ្ណោះ។ អាមេរិកចេះធ្វើរឿងផ្សេងមកលើកម្ពុជា កម្ពុជាក៏ចេះធ្វើតបនឹងអាមេរិកវិញដែរ។ រហូតដល់ពេលនេះសពទាហានអាមេរិក៤៩នាក់ ដែលបានបាត់ខ្លួននៅកម្ពុជា មិនទាន់ត្រូវបានរុករកឃើញនៅឡើយ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសដោះដូរថា បើអាមេរិកដកបន្តផ្តល់វីសារដល់មន្រ្តីក្រសួងការបរទេសខ្មែរវិញនោះ កម្ពុជាក៏សម្រេចបន្តកិច្ចព្រមព្រៀងរុករក ធាតុទាហានអាមេរិកវិញដែរ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៩៖៣០នាទីព្រឹកថ្ងៃសុក្រនេះ។ សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈ Fresh News TV៕