(បាត់ដំបង)៖ ជនមិនស្គាល់មុខបាញ់រះដោយកាំភ្លើងខ្លី ទៅលើរបងផ្ទះពលរដ្ឋ៩គ្រាប់ ទាំងកណ្តាលអាធ្រាត្របង្កឲ្យមានការភ្ញាក់ផ្អើល នៅពាក់កណ្តាលយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចក្រុមទី១១ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

តាមសាក្សីមានផ្ទះនៅជិតគ្នា បានឲ្យដឹងថា កាលពីយប់មិញមានករណីជនមិនស្គាល់មុខបានបាញ់រះ សំដៅទៅលើទ្វាររបងមុខផ្ទះជនរងគ្រោះចំនួន៩គ្រាប់ ដោយសារអ្នកជិតខាង បានដេកលក់អស់គ្មានអ្នកណាចាប់អារម្មណ៍។ លុះព្រឹកឡើងទើបដឹងថា បាញ់ចំរបងទ្វារមុខផ្ទះធ្លុះជញ្ជាំងសង្កសីទ្វារខាងមុខ។

សាក្សីបានបន្តថា ផ្ទះជនរងគ្រោះដែលត្រូវជនមិនស្គាល់មុខបាញ់នោះមានប្តីឈ្មោះ អ៊ាន រិទ្ធី អាយុជាង៥០ឆ្នាំ មុខរបរជាអតីតជាងមាស ប្រពន្ធឈ្មោះ ឃុន ដាលៀង មុខរបរជាគ្រូបង្រៀននៅវិទ្យាល័យជាស៊ីម មានកូន៤នាក់ក្នុងបន្ទុក។

បច្ចុប្បន្នសមត្ថកិច្ចទាំងកងរាជអាវុធហត្ថ និងនគរបាលក្រុង-ខេត្ត កំពុងធ្វើកោសលវិច្ច័យនៅផ្ទះកើតហេតុ និងស្រាវជ្រាវតាមជំនាញដើម្បីប្រមូលភស្តុតាង និងកំណត់មុខសញ្ញាជនបង្កស្វែងរកការពិតនៅពេលក្រោយ៕