(ភ្នំពេញ)៖ សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ បើកសវនាការរឿងក្តីលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ពាក់ព័ន្ធការចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់បណ្ឌិត កែម ឡី។
លោក ទូច ថារិទ្ធិ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ ថ្លែងប្រាប់ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ថា សវនាការនេះដឹកនាំដោយលោក ប៉ាក ច័ន្ទសំបូរ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក សរ យសថាវរៈ ជាតំណាងមហាអយ្យការ។
គួររំលឹកថា លោក គី ឫទ្ធី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ប្រកាសសាលក្រមផ្តន្ទាទោសលោកគឹម សុខ ដាក់ពន្ធនាគាររយៈពេល១៨ខែ ពិន័យ៨លានរៀលចូលថវិការដ្ឋ និង សងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន៨០០លានរៀល ករណីចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់បណ្ឌិតកែម ឡី។
លោក គឹម សុខ ជាប់ចោទចំនួនពីរបទល្មើស គឺញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។
បច្ចុប្បន្នលោក គឹម សុខ នៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយសម្តេចតេជោ ដូចគ្នា គឺពាក់ព័ន្ធការដែលលោក គឹម សុខ បានចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតប្រព័ន្ធសម្លាប់មនុស្ស រួចរកឃាតកមិនដែលឃើញ៕