(ព្រះសីហនុ)៖ រោងចក្រផលិតថាមពលអគ្គិសនី ដំណើរការដោយធ្យូងថ្ម ដែលមានអនុភាព១៣៥មេហ្គាវ៉ាត នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នឹងបើកដំណើរការជាផ្លូវការ ក្នុងខែ១២ ឆ្នាំ២០១៩ ខាងមុខ ខណៈដែលបច្ចុប្បន្នការសាងសងកំពុងដំណើរការទៅយ៉ាងរលូន នេះបើតាមការឲ្យដឹងពីលោក Wouter Van Wersch អគ្គនាយកក្រុមហ៊ុន General Electric (GE) ប្រចាំតំបន់អាស៊ាន ថ្លែងឲ្យដឹងនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧។
ការសាងសងរោងចក្រថាមពលអគ្គិសនី ដើរដោយធ្យូងថ្មនេះ វិនិយោគដោយក្រុមហ៊ុនរបស់ម៉ាឡេស៊ី ដែលមានឈ្មោះថា Cambodia Energy II Co.,Ltd ហើយសម្រាប់ការផ្គត់ផ្គង់សំភារៈ និងបរិក្ខាអគ្គិសនី គឺក្រុមហ៊ុន GE ជាអ្នកទទួលខុសត្រូវចាប់ពីរោងចក្ររហូតដល់បណ្តាញចែកចាយ។
លោក Wouter Van Wersch បានថ្លែងឲ្យដឹងថា រោងចក្រផលិតធ្យូងថ្មនេះ មានអនុភាព១៣៥មេហ្គាវ៉ាត់ ដែលមានទីតាំងស្ថិត ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយចំពោះការសាងសងរោងចក្រធ្យូងថ្មនេះ គឺមិនមានជាបញ្ហា ឬផលប៉ះពាល់ណាមួយទៅដល់បរិស្ថាននោះឡើយ ព្រោះដោយសារការប្រើប្រាស់នូវឧបករណ៍ និងបច្ចេកវិទ្យាខ្ពស់។
ជាមួយគ្នានេះ ក្រុមហ៊ុន GE ដែលជាក្រុមហ៊ុនល្បីឈ្មោះរបស់អាមេរិក បានបង្ហាញនូវក្តីសង្ឃឹមថា នឹងចូលរួមជាមួយក្រសួងរ៉ែ និងថាមពល ដើម្បីកំណត់ពីបញ្ហាប្រឈមសំខាន់ៗ
នៃឧស្សាហកម្មថាមពល នៅក្នុងប្រទេសកម្ពុជា និងសម្លឹងមើលឱកាស ដែលអាចជួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវគោលការណ៍ចំនួន៣យ៉ាងរួមមាន៖ កាត់បន្ថយតម្រូវការថាមពល២០ភាគរយរហូតដល់ឆ្នាំ២០៣៥, កាត់បន្ថយការបំភាយឧស្ម័យកាបូនិចក្នុងឆ្នាំ២០៣៥ ចំនួន៣លានតោន និងធានាឲ្យបាន១០០ភាគរយ នៃការប្រើប្រាស់ថាមពលអគ្គិសនីតាមតំបន់ជនបទ។
លោកបានបន្ដទៀតថា ការជ្រើសរើសប្រើប្រាស់ថាមពលធ្យូងថ្មរបស់កម្ពុជា គឺជាជម្រើសដ៏ត្រឹមត្រូវ ព្រោះរដ្ឋាភិបាលកម្ពុជា ចង់ឲ្យមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។
សូមបញ្ជាក់ថា ក្រុមហ៊ុន GE ជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក និងបានចូលមកដំណើរការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោយមានតាំងពីឆ្នាំ២០០៨ និងបានខិតខំប្រឹងប្រែងនាំយកបច្ចេកវិទ្យា និងដំណោះស្រាយចុងក្រោយបំផុត និងមានតម្លៃសមរម្យសម្រាប់ប្រទេសកម្ពុជា។
កាលពីខែមេសា ឆ្នាំ២០១៧ ក្រុមហ៊ុន GE ក៏បានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួងរ៉ែ និងថាមពល (MME) ដើម្បីដំឡើងប្រព័ន្ធត្រួតពិនិត្យការបំភាយបន្ដ (CEMS) ក្នុងការតាមដាន និងវិភាគកម្រិតបំភាយ នៃរោងចក្រថាមពលទូទាំងប្រទេសផងដែរ៕