(កែប)៖ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី នីតិវិធីប្រមូលទិន្នន័យពីស្ថានភាពជីវភាព និងតម្រូវការរបស់អតីតយុទ្ធជន និងគ្រួសារ នៅខេត្តកែប។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីក្រោមឱវាទ ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការអភិវឌ្ឍន៍សហគមន៍អតីតយុទ្ធជនឃុំ សង្កាត់ សរុបប្រមាណ៥០នាក់។

លោកអគ្គនាយក បានថ្លែងឲ្យដឹងថា «គោលបំណងនៃវគ្គសិក្សានេះ គឺពេលបញ្ចប់ទៅ មន្រ្តីដែលមានភារកិច្ច សម្របសម្រួល និងប្រមូលព័ត៌មានពីស្ថានភាពជីវភាព និងតម្រូវការរបស់អតីតយុទ្ធជន និងគ្រួសារ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញបញ្ជីសំណួរដូចខាងក្រោម៖ ទម្រង់ A1 និវត្តជន និងជនបាត់បង់សមត្ថភាពការងារ​, ទម្រង់ B1 ជនពិការ, ទម្រង់ C1 គ្រួសារជនពលី ជនមរណៈ, ទម្រង់ A2 លទ្ធភាពផ្តល់សេវាដល់និវត្តជន និងជនបាត់បង់សមត្ថភាពការងារ, ទម្រង់ B2 លទ្ធភាពផ្តល់សេវាដល់ជនពិការ និងទម្រង់ C2 លទ្ធភាពផ្តល់សេវាដល់គ្រួសារជនពលី មរណៈ​»៕