Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ជូនអំណោយដល់គ្រួសារយោធិនទើបសម្រាលកូន និងឪពុកយោធិនពិការ នៅខេត្តស្វាយរៀង និងខេត្តព្រៃវែង

14-09-2017 18:55

(ស្វាយរៀង)៖ ដោយការយកចិត្តទុកដាក់ខ្ពស់ចំពោះកងទ័ព និងគ្រួសារកងទ័ព លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានផ្ដល់ជូនអំណោយ ដល់ភរិយាលោកអនុសេនីយ៍ឯក មាស តារា ដែលកំពុងសម្រាកនៅមណ្ឌលសុខភាពសន្សំកុសល ក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ទើបតែសម្រាលកូនរួច ក្នុងនោះមានថវិកា៨០ម៉ឺនរៀល និងសម្ភារសម្រាប់ម្តាយ និងទារកប្រើប្រាស់មួយចំនួន តាមរយៈក្រុមការងាររបស់លោក។

ជាមួយគ្នានោះ អ៊ុប្រុសពិការជើងម្នាក់ឈ្មោះ ចក់ ហុយ ដែលត្រូវជាឪពុកបង្កើតរបស់លោកអនុសេនីយ៍ កុយ ស៊ីណា រស់នៅក្នុងភូមិចន្ទគ្រឹស្នា ឃុំច្រេះ ស្រុកមេសាង ខេត្តព្រៃវែង ក៏ទទួលបានអំណោយមួយចំនួនពីលោក ហ៊ុន ម៉ាណែត តាមរយៈក្រុមការងាររបស់លោកផងដែរ ក្នុងនោះមានរទេះរុញមួយគ្រឿង ថវិកា និងគ្រឿងឧបភោគ-បរិភោគមួយចំនួនទៀត។

ក្រុមការងាររបស់លោក ហ៊ុន ម៉ាណែត ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ជម្រាបប្រាប់លោកអុំ និងគ្រួសារយោធិនដែលទទួលបានអំណោយខាងលើផងដែរ និងបានផ្ដាំផ្ញើឲ្យពួកគាត់យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ។

ក្រុមការងារបានបន្តថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំដ៏ប៉ិនប្រសព្វ តែងតែគិតគូរចំពោះសុខទុក្ខ និងជីវភាពរបស់កងទ័ព គ្រួសារកងទ័ព ក៏ដូចជាប្រជាពលរដ្ឋទូទៅយ៉ាងយកចិត្តទុកដាក់៕